(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ មិនប្រើប្រាស់កម្ពុជា ដើម្បីធ្វើការគេចខ្លួនទេ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។

ប្រកាសរបស់សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងនៅក្នុងពិធីសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មករ និយោជិតសរុប ៤,៦៩៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាដែលពួកគេកំពុងប្រឈម។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានការពិនិត្យមើលតាមក្រុមហ៊ុនអាកាសចរណ៍ផងដែរ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនលោកស្រី យ៊ីងឡាក់ ហើយចោទថា លោកស្រី យីង ឡាក់ បានធ្វើដំណើរមកកម្ពុជា។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ (Bangkok Post) បានចុះផ្សាយថា អតីតនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសថៃ មុនការប្រកាសសាលក្រមនៃរឿងក្តីនយោបាយទិញស្រូវបរាជ័យរបស់លោកស្រី នាថ្ងៃសុក្រម្សិលមិញនោះ តាមពិតបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា មុននឹងបន្តឆ្ពោះទៅកាន់ទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីកន្លែងដែលគេជឿជាក់ថា បងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កំពុងស្នាក់នៅ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រកន្លងទៅនេះ តុលាការកំពូលថៃ បានសម្រេចពន្យាពេលនៃការប្រកាសសាលក្រម ជុំវិញសំណុំរឿងរបស់លោកស្រី បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនលោកស្រី យីងឡាក់ បន្ទាប់ពីលោកស្រី មិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការ ដោយយកលែសថាមានជំងឺ៕