(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មករ និយោជិតសរុប ៤,៦៩៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាដែលពួកគេកំពុងប្រឈម។

នេះគឺជាលើកទី៣ នៅក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាបន្តបន្ទាប់ ដែលបានដាក់ចេញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងនោះសម្តេចបានកំណត់យកថ្ងៃពុធ ដើម្បីជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីទៅតាមបណ្តារោងចក្រ និងកំណត់យកថ្ងៃអាទិត្យ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ នៅមជ្ឈមណ្ឌលពិរណ៍ និងសន្និបាតកោះពេជ្រ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរ នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

ជាមួយគ្នានេះ ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ។

ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះ សម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះ ដែលសម្តេចផ្តល់ជូនកម្មករ និយោជិតនេះ គេរំពឹងថា នឹងជួយឲ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ៕