(ភ្នំពេញ)៖ ជាមួយនឹងជោគជ័យ ក្នុងការបើកដំណើរការហាងជាង ២០ សាខាទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប, ហាងនំប៉័ង TOUS les JOURS បានបន្តពង្រីកវិសាលភាពអាជីវកម្មកាន់តែធំថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ខេត្តបាត់ដំបង គឺជាគោលដៅថ្មីក្នុងការពង្រីកសាខាបន្ថែមទៀត របស់ហាងនំប៉័ងនេះ។ នេះបើតាមការបញ្ជាក់របស់ លោក គួច សុខលី ដែលជាអគ្គនាយកក្រុមហ៊ុន យីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិនាំចូល និងបើកដំណើរការហាងនំប៉័ង TOUS les JOURS នៅប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ TOUS les JOURS បានបើកសម្ពោធសាខាថ្មី ចំនួន៣កន្លែង ផ្សេងៗគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះមាននៅក្នុងខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។
ក្នុងចំណោមសាខាថ្មីទាំង៣ ទីតាំងនេះ ហាងនំប៉័ង TOUS les JOURS សាខាខេត្តបាត់ដំបងគឺជាទីតាំងសក្តានុពលថ្មីមួយ ដែលទាក់ទាញ ចំណាប់អារម្មណ៍អតិថិជន ជាពិសេសគឺប្រជាជនក្នុងខេត្តបាត់ដំបងផ្ទាល់។ ហាងនំប៉័ង TOUS les JOURS សាខាខេត្តបាត់ដំបងត្រូវបានសាងសង់ឡើង ជាអគារយ៉ាងធំទំនើប តាមបណ្តោយផ្លូវជាតិលេខ ៥ ជិតវិទ្យាល័យព្រះមុនីវង្ស និងទល់មុខសណ្ឋាគារស្ទឹងសង្កែរ ដែលទាក់ទាញក្រសែភ្នែកអ្នកដំណើរនានា ខុសប្លែកពីហាងនំប៉័ងទូទៅនៅក្នុងខេត្ត។ ចំណែកឯសាខាថ្មីទាំង ២ នៅរាជធានីភ្នំពេញ ក៏មានភាពទាក់ទាញមិនចាញ់គ្នានោះដែរ ជាមួយនឹង ការជ្រើសរើស ទីតាំងប្រជុំជនប្រកបដោយសក្តានុពលនៅក្បែរស្តុបផ្សារទួលទំពួងនិងក្នុងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ មករា ក្បែរស្តុបទួលគោក។
លោក គួច សុខលី ដែលជាអគ្គនាយកក្រុមហ៊ុន យីនកុកហ្វូដខប បានថ្លែងឱ្យដឹងថា «នេះជាប្រវត្តិសាស្រ្តថ្មីមួយរបស់ហាងនំប៉័ង TOUS les JOURS ដែលបើកដំណើរការសាខាថ្មីដល់ទៅ៣ ទីតាំងក្នុងថ្ងៃតែមួយ រួមមានទីតាំងទួលទំពូង ទួលគោក និងទីរួមខេត្តបាត់ដំបង ដើម្បីឆ្លើយតបតាមតម្រូវការ អតិថិជនទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ ចំពោះការជ្រើសរើសខេត្តបាត់ដំបង ជាគោលដៅទីផ្សារថ្មីរបស់យើង ព្រោះយើងសម្លឹងឃើញថា ខេត្តបាត់ដំបងមានសក្តានុពល និងភាពរីកចម្រើនខ្លាំង បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាបពោល គឺមានកំណើនសេដ្ឋកិច្ចល្អប្រសើរ និងសក្តានុពលខ្ពស់ ខាងវិស័យកសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។ បច្ចុប្បន្នខេត្តបាត់ដំបងមិនទាន់មានហាងនំប៉័ងម៉ាកល្បីៗលំដាប់អន្តរជាតិ បើកដំណើរការនៅឡើយ ខណៈដែលប្រជាជន ក្នុងខេត្តបានផ្លាស់ប្តូរ របៀបរបបរស់នៅកាន់តែទាន់សម័យជាមួយនឹងរសនិយមក្នុងការទទួលទាននំប៉័ង និងនំខេកម៉ាកល្បីនាំចូលមកពីបរទេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ អមដោយការរចនាម៉ូដ និងការវេចខ្ចប់ទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ»។
លោក គួច សុខលី បានបញ្ជាក់អោយដឹងទៀតថា «ចំណែកឯសាខាទាំង២ ទៀតរបស់ហាងនំប៉័ង TOUS les JOURS នៅតំបន់ទួលទំពូង និង ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់មករា ស្តុបទួលគោក ក្នុងរាជធានីភ្នំពេញ គឺបើកឡើងដើម្បីបំពេញតាមតម្រូវការអតិថិជន ដែលរស់នៅ និងធ្វើដំណើរ តាមតំបន់នោះ ងាយស្រួលក្នុងការទិញនំប៉័ង នំខេក និងភេសជ្ជៈរបស់ TOUS les JOURS ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខា ដែលនៅឆ្ងាយ។ ដូច្នេះយើងជឿជាក់យ៉ាងមុតមាំថា សាខាថ្មីទំាងបីទីតាំងរបស់យើង នឹងទទួលបានជោគជ័យ និងការគាំទ្រដូចសាខាមុនៗដែរ»។
គួរបញ្ជាក់ផងដែរថា ហាង TOUS les JOURS គឺជាហាងនំប៉័ងលំដាប់លេខ ១ ដែលមានលក់នំប៉័ងនំខួបកំណើត និងភេសជ្ជៈគ្រប់មុខ តាមរូបមន្តពិសេសរួមបញ្ចូលគ្នារវាងរូបមន្តដុតនំរបស់បារាំងនិងអាស៊ី ដោយប្រើប្រាស់គ្រឿងផ្សំល្អបំផុតសម្រាប់សុខភាព។ នំប៉័ងរបស់ TOUS les JOURS ត្រូវបានដុតឡើងថ្មីៗជារៀងរាល់ថ្ងៃគ្រប់ប្រភេទនំប៉័ង ដូចជានំប្រៃ នំផ្អែម នំប៉័ងហត់ដក ក្រូសង់ នំសុខភាពពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម រួមទាំងនំខេកម៉ូដស្រស់ស្អាតជាច្រើនជម្រើស និងច្រើនរសជាតិ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ហាងនំប៉័ង TOUS les JOURS ក៏នឹងមានផលិតនំសែនព្រះខែរសជាតិឈ្ងុយឆ្ងាញ់ពិសេស ខុសប្លែកពីគេជាច្រើនរសជាតិ អមដោយការវេចខ្ចប់យ៉ាងប្រណីត ដើម្បីស្វាគមន៍រដូវកាលសែនព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ៕