(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានអនុម័តទាំងស្រុងហើយទៅលើ «សេចក្តីព្រាងនិយោគកម្មវិធីសាធារណៈ៣ឆ្នាំរំកិល២០១៨-២០២០»។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ដោយផ្អែកលើស្មារី និងខ្លឹមសារ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏៏ជាតិ២០១៤-២០១៨ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៨-២០២០ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់ស្តែងបីសំខាន់ៗ គឺទី១. ការបង្ហាញពីទិន្នន័យ នៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៃ កម្ពុជា ដែលជាគោលនយោបាយមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៏ជាតិ ២០១៤-២០១៨, ទី២. តម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ ២០១៤-២០១៨ (ប្រមាណ៧៦០០លានដុល្លារអាមេរិក) និង ទី៣. បរិមាណហិរញ្ញប្បទានសហប្រតិបតិ្តការប្រមាណជាង ១០០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

បើតាមលោក ផៃ ស៊ីផាន ការធានាឲ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើជាឧបករណ៏ផ្នែកគោលនយោបាយ សម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឱ្យទៅជាការពិតជាក់ស្តែង គឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៏សង្គមសេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន បន្តថា ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាម វិស័យនៅក្នុងដំណាក់កាលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិ ២០១៤-២០១៨ ការធ្វើឱ្យកម្ម វិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ក្លាយជាឧបករណ៏ផ្នែកគោលនយោបាយសម្រាប់អនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិដ៏មានកម្រិតរបស់យើងមកជាមួយនឹងអាទិភាពរបស់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈដែល ក្រសួងស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ៣ ឆ្នាំរំកិល ។ ក្នុងន័យនេះការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការជំរុញធ្វើឱ្យមានកម្មវិ ធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០១៨-២០២០ ក៏ដូចជាកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិល ក្រោយៗទៀតក្លាយជាឧបករណ៏ផ្នែកគោលនយោបាយមួយ ដើម្បីធ្វើឱ្យសម្រេចបាន នូវចំណុចដៅនៃកំណើន ផ.ស.ស ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិ ២០១៤-២០១៨ គឺជាកត្តាគន្លឹះសម្រាប់ការធានាឱ្យមាននូវប្រសិទ្ធភាពនៃធនធានអភិវឌ្ឍន៏ ដ៏មានកម្រិត ដែលយើងអាចមានក៏ដូចជាសម្រាប់ការទាញយកប្រយោជន៏ឱ្យបានច្រើន បំផុតពីធនធានទាំងនេះ។

យោងតាមរបាយការណ៍ បានបង្ហាញថា កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០១៨- ២០២០ មានគម្រោងសរុប៥៨៦គម្រោងត្រូវអនុវត្តន៍ ហើយគម្រោងចំនួន ១៦៦គម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ២៥៣៦លានដុល្លារអាមេរិក និងចំនួន ៤២០គម្រោងជាគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ ដែលត្រូវការទុនចំនួន ២៨៨១លានដុល្លារអាមេរិក។

ជាសរុបបរិមាណទុនតាមឆ្នាំ របស់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០១៨-២០២០ រួមមាន៖ ឆ្នាំ២០១៨ ចំនួន ១៩១៨លានដុល្លារអាមេរិក ឆ្នាំ២០១៩ ចំនួន១៧៨៥លានដុល្លារអាមេរិកនិងឆ្នាំ២០២០ ចំនួន១៧១៤លានដុល្លារអាមេរិក។ បរិមាណទុនសរុប ៥៤១៧លានដុល្លារអាមេរិកនៃកម្មវិធី វិនិយោគសាធារណៈ៣ឆ្នាំរំកិល២០១៨-២០២០រួមបញ្ចូលនូវបរិមាណទុនដែលបានសន្យា ផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៏រួចហើយមានចំនួន ៣៤៥៥,១លានដុល្លារ អាមេរិក (ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាចំនួន៥៣៧,០ លានដុល្លារអាមេរិក និងពីដៃគូអភិ វឌ្ឍន៏ចំនួន២៩១៨,១លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន ១៩៦១,៨លាន ដុល្លារអាមេរិក។ ការវិភាជទុនដល់គម្រោងនានារបស់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិល ២០១៨-២០២០ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិ ២០១៤-២០១៨រួមមាន៖

* ១៥,៣% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុង វិស័យសង្គមកិច្ច
* ៤៤,០% នៃតម្រូវការចំណាចវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុង វិស័យសេដ្ឋកិច្ច
* ២៦,៩% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ
* ១៣,៨%នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុង វិស័យសេវានិងកម្មវិធីអន្តរវិស័យ៕