(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានក្រើនរំលឹកដល់សិស្សនាយនគរបាល នាយនគរបាលរង និងសិក្ខាកាមទាំងអស់ថា ពេលត្រឡប់ទៅបម្រើការងារ ត្រូវមានសីលធម៌ល្អ ទទួលខុសត្រូវលើការងារ និងមានភាពស្មោះត្រង់ជាមួយការងារ។

លោក ឯក មនោសែន បានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាល នាយនគរបាល នាយនគរបាលរង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅសាលានគរបាលជាតិ ភូមិភាគ៤ នៅខេត្តសៀមរាប ចំនួន ១៩៤នាក់ មកពីស្នងការនគរបាលខេត្ត នា ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការចុះសំណេះសំណាលរបស់លោកនាពេលនេះ ដើម្បីពិនិត្យលើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធីបណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ព្រមទាំងស្វែងយល់ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរ បាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីវិជ្ជាជីវៈនគរបាលកម្រិតបឋមមានចំណេះដឹង មានការយល់ដឹកអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង មានស្មារតីទទួលខុសត្រូវលើការងារ គោរប្រតិបត្តិច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា។

ឧត្តមសេនីយ៍ឯក ឯក មនោសែន បានថ្លៃថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ក្នុងរយៈពេល ៥ឆ្នាំ(២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមាន ៖ ការងារដឹកនាំ-គ្រប់គ្រង, ការអភិវឌ្ឍកម្មវិធីអប់រំ, ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន, ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង, ការអភិវឌ្ឍធនធានមនុស្ស, ការបង្កើតឱ្យមានយន្ដការធានាគុណភាពអប់រំផ្ទៃក្នុង ។

ក្នុងឱកាសនោះលោក ឯក មនោសែន ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូបរួមមាន៖

១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្តិសិក្សាលើទ្រីស្តី និងការអនុវត្តជាក់ស្តែង

២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា

៣៖ ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង

៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ

៥៖ ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន៕