(បន្ទាយមានជ័យ)៖ ជ្រូកព្រៃឈ្មោលញីចំនួន២២ក្បាល ត្រូវបានកងពលតូចថ្មើរជើងលេខ៥១ ទិញមកចិញ្ចឹមក្នុងកសិដ្ឋានកាលពីថ្មីៗ នេះក្នុងទីបញ្ជាការពលតូចថ្មើរជើង លេខ៥១ ដែលមានទីតាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការពលតូចថ្មើរជើងលេខ៥១ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០១៧នេះ ថា កងកម្លាំងយោធា ក្រៅពីការងារការពារបូរណភាពទឹកដី គឺកងកម្លាំងរបស់យើង បានធ្វើអន្តរាគមន៍ ជួលដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ហើយជួយកសាងផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រ និងប្រមូលផលជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន បានបន្តថា ដោយមានការណែនាំពីថ្នាក់ដឹកនាំយោធភូមិភាគទី៥ និងមេបញ្ជាការពលតូចថ្មើរជើងលេខ៥១ លោកបានទិញជ្រូកព្រៃពូជចំនួន ២២ក្បាល មកដាក់ចិញ្ចឹមក្នុងកសិដ្ឋានចិញ្ចឹមជ្រូករបស់ទីបញ្ជាការពលតូចថ្មើរជើងលេខ៥១ ស្ថិតភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន បានបញ្ជាក់ថា ក្រៅពីការងារការពារបូរណភាពទឹកដី គឺកងកម្លាំងបានដាំបន្លែផ្លែឈើចិញ្ចឹមមាន់ ទារ ជ្រូក និងជ្រូកព្រៃបន្ថែមសម្រាប់អង្គភាព ពលតូចថ្មើរជើងលេខ៥១៕