(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Vic VanVuuren នាយកទទួលបន្ទុកកិច្ចការសហគ្រាសនៃអង្គការ ILO នៅទីស្ដីការក្រសួងការងារនោះ ខាងអង្គការ ILO បានស្នើឲ្យក្រសួងការងារបង្កើត កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនកម្ពុជា និងជំរុញឲ្យមន្រ្តីរាជការកម្ពុជា ទៅហាត់ការលើជំនាញសហគ្រិនភាពនេះ នៅអង្គការរបស់ខ្លួនផងដែរ។
ក្រោយជំនួបពិភាក្សា នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា បានជាលោក Vic Van Vuuren ស្នើឲ្យក្រសួងការងារ បង្កើតកម្មវិធីបណ្តុះបណ្តាល សហគ្រិនភាពដល់យុវជនកម្ពុជាយ៉ាងដូច្នេះ គឺដោយសារលោកយល់ឃើញថា សហគ្រិនភាព គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៧របស់អង្គការ ILO ដែលបានដាក់ចេញ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីគាំទ្រសកម្មភាពបណ្តុះបណ្តាលសហគ្រិន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព រាជរដ្ឋាភិបាលមានគម្រោងបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្តល់កម្ចីដល់សហគ្រិនដែលមានបំណងបង្កើតសហគ្រាស ឬអាជីវកម្មវដោយខ្លួនឯង ដែលនេះជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានសហគ្រិននៅកម្ពុជា ឲ្យកាន់តែច្រើន ក្នុងការចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ និងកាត់បន្ថយចំណាកស្រុក បង្កើតការងារធ្វើដល់ពលរដ្ឋខ្មែរ និងអាចធ្វើឲ្យកម្ពុជា ឈានទៅសម្រេចបានជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ នាពេលខាងមុខ។
តំណាងអង្គការ ILO បានលើកឡើងពីឱកាសហាត់ការនៅអង្គការ ILO រយៈពេល៦ខែ និងរយៈពេលវែងដល់មន្ត្រីកម្ពុជាផងដែរ ក្នុងនោះលោកលើកឡើងថា ឱកាសនៃការហាត់ការនៅអង្គការ ILO បានចាប់ផ្តើមយូរមកហើយ តែមិនដែលឃើញមន្ត្រីកម្ពុជាណាមួយបានដាក់ពាក្យ ដើម្បីហាត់ការនៅអង្គការ ILO នេះឡើយ ហើយលោកចង់ឃើញមន្ត្រីកម្ពុជា ទទួលបានការហាត់ការនៅអង្គការអន្តរជាតិមួយនេះ ព្រោះពួកគេមិនត្រឹមតែទទួលបាននូវប្រាក់ខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ការងារ ចំណេះជំនាញ យកត្រលប់មកអភិវឌ្ឍប្រទេសជាតិខ្លួនវិញ។
តបទៅនឹងការចង់បានរបស់ភាគី ILO លោករដ្ឋមន្ត្រីពិតជាពេញចិត្ត និងរីករាយចំពោះព័ត៌មាននេះណាស់ ដោយលោកបានសន្យាថា នឹងផ្សព្វផ្សាយព័ត៌មាននេះដល់មន្ត្រីរបស់ប្រទេសកម្ពុជា និងចាត់ទុកថាអ្នកដែលទទួលបានឱកាសហាត់ការនេះ មិនត្រឹមតែបានអភិវឌ្ឍខ្លួនឯងនោះទេ តែក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូលទៀតផង៕