(កូឡាឡាំពួរ)៖ ទីបំផុតក្រុមអត្តពលិកជម្រើសជាតិកម្ពុជា បានសម្រេចបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកីឡាកម្ពុជាជាបណ្ដោះអាសន្នហើយ ក្រោយវិលគ្រងចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី បើគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមកីឡាប៉េតង់ គឺវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសដំបូង លើវិញ្ញាសាវាយគូនារី តាមរយៈការវាយបកយកឈ្នះក្រុមកីឡាការិនីថៃ ដែលជាក្រុមកម្រិតម្ចាស់មេដាយមាសពិភពលោកដូចគ្នាមុននេះបន្ដិច។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្ម បានឲ្យដឹងពីទីក្រុងកូឡាឡាំពួរថា គិតត្រឹមរសៀលនេះ ក្រុមអត្តពលិកប្រ៊ុយណេ និងឡាវ ដែលបានឈរលេខរៀងទី៨ និងទី៩ នាពេលកន្លងទ គឺមិនទាន់ទទួលបានមេដាយមាសនោះទេ។ ដោយហេតុនេះ ការដណ្ដើមបានមេដាយមាសដំបូងរបស់ក្រុមកីឡាកម្ពុជា បានជួយកម្ពុជាឲ្យឡើងពីលេខ១០ ទៅឈរលេខ៨ វិញ ។ លោកបានចាត់ទុកនេះគឺជាមោទនៈភាពដ៏ធំធេង ហើយក៏សង្ឃឹមថា កម្ពុជានឹងការពារចំណាត់ថ្នាក់លេខ៨ នេះ រហូតដល់ចប់បេសកកម្មផងដែរ។

គួរបញ្ជាក់ថា កាលពីស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមចំណាត់ថ្នាក់លេខ៨ ដណ្ដើមបានមេដាយសរុប ១៥គ្រឿង ឬវិញ្ញាសា គឺមានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៩ ។ ជោគជ័យនោះ ត្រូវបានថ្នាក់ដឹកនាំកីឡាករម្ពុជា កំណត់ឲ្យសហព័ន្ធកីឡាជាតិព្យាយាម ដើម្បីការពារក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នេះ ហើយបំណងប្រាថ្នាខាងលើ ជិតបានក្លាយជាការពិតហើយ ដោយសារកម្ពុជា នៅមានកីឡាមានសក្ដានុពលមួយចំនួនទៀត ដែលមិនទាន់បានធ្វើការប្រកួត ដូចជាកីឡាតេក្វាន់ដូ និងប្រដាល់គុនខ្មែរជាដើម ខណៈកម្ពុជា កំពុងរកបានមេដាយមាស១ និងសំរឹទ្ធ៧ ជាបណ្ដោះអាសន្ន៕