(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញប្រកាសប្រតិកម្មខ្លាំងៗមកលើរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទ និងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ NDI ដែលបានប្រព្រឹត្តិល្មើសច្បាប់នៅកម្ពុជា។ ការប្រតិកម្មរបស់ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី២៣ ខែសីហានេះ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ?
ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។
ប្រធានក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរាត្រីឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ជម្រាបទៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា, យើងជាក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមបញ្ជាក់ថា បានជាយើងដាក់ថា ស្រលាញ់សន្តិភាព ព្រោះតែយើងមិនចង់បាត់បង់សន្តិភាពដែលកំពុងមានបច្ចុប្បន្ន សូមរំព្ញកថា ក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរអាមេរិកធ្លាប់បានបង្កវិនាសកម្ម មកលើទឹកដី១នេះម្តងរួចមកហើយ កាលពីទសវត្ស៧០ រណ្តៅគ្រាប់នៅបន្សល់ទុកដល់បច្ចុប្បន្ននៅឡើយ ហេតុដូច្នេះហើយសូមស្ថានទូតអាមេរិកកុំលូកដៃ រហូតហួសព្រំដែនភារកិច្ចចំពោះការងាដឹកនាំរបស់កម្ពុជា បើសិនជាស្ថានទូតអាមេរិកនៅតែបន្តលូកដៃមិនបញ្ឈប់នោះទេ សម្ពន្ធយុវជនស្រលាញ់សន្តិភាព គ្រប់សាខាទូទាំងប្រទេស នឹងប្រើសិទ្ធស្របច្បាប់ ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់សន្តិភាព ការពារសន្តិភាពរបស់កម្ពុជា នៅចំពោះមុខស្ថានទូតអាមេរិក ជាក់ជាមិនខាន»។
ការប្រតិកម្មរបស់ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី២៣ ខែសីហានេះ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ភាសាទាំងនេះបង្ហាញពីភាពញុះញុង អុជអាល ពីព្រោះទង្វើនេះ មិនបានគោរពចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យ វាជាដើមចមនៃការត្រៀមផ្ទុះបាតុកម្ម, នេះបើយោងតាមការអះអាងមន្រ្តីជាន់ខ្ពស់មួយរូប។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ សារព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី២៣ ខែសីហា។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕