(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅរោងចក្រមួយចំនួន នៅតំបន់នេះផងដែរ។ មិនតែប៉ុណ្ណោះសម្តេចក៏ធ្វើទស្សនកិច្ច និងប្រកាសដាក់ឱ្យប្រើប្រាស់ វិទ្យាស្ថានកាត់ដេរ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលទើបសាងសង់រួចនៅតំបន់នេះផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករនិយាជិត កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានកំណត់យករៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួបសំណោះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ដំណឹងល្អដល់កម្មករ នៅឆ្នាំក្រោយនេះវិញ សម្តេចតេជោ ក៏បានប្រកាសដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង នឹងត្រូវដំឡើងមិនឱ្យតិចជាង១៦០ដុល្លារនោះទេ ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យនេះ នៅឆ្នាំ២០១៧ មានចំនួន១៥៣ដុល្លារ៕