មិនធម្មតា! ភាពយន្តបែបប្រវត្តិសាស្រ្តខ្មែរ «ហ្លួងព្រះស្ដេចកន» បញ្ចាំងជិត១សប្ដាហ៍ នៅតែមានទស្សនិកជនប្រជ្រៀតគ្នា ចូលមើលរាប់ម៉ឺននាក់ (Video inside)
22-08-2017 17:19
(ភ្នំពេញ)៖ ស្នាដៃបែបប្រវត្តិសាស្ត្រ និងជាការដឹកនាំសម្ដែងដោយលោក ម៉ៅ អាយុទ្ធ ថ្វីត្បិតតែទើបដាក់បញ្ចាំងបានប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែត្រូវបានគេសង្កេតឃើញថា មានអ្នកទស្សនាភ្លូកទឹកភ្លូកដី រហូតអ្នកខ្លះត្រូវទិញសំបុត្រទុកមុនរយៈពេល២ថ្ងៃ ទើបបានចូលទស្សនា ជាពិសេសមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស-និស្សិត ដែលចង់ដឹង ចង់ឮ និងតាមដានប្រវត្តិសាស្រ្ត របស់កម្ពុជា។
យោងតាមប្រភពព័ត៌មាន ពីសំណាក់ទស្សនិកជន ដែលបានចូលទស្សនា រឿងបែបប្រវត្តិសាស្ត្រ «ហ្លួងព្រះស្ដេចកន» បានឲ្យដឹងថា ភាពយន្តមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងក្លា នៅក្នុងឆ្នាំ២០១៧នេះ ខណៈដែលការដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបៗ ទាំងអស់ក្នុងរាជធានីភ្នំពេញ នៅតែមានអ្នកទស្សនា ទាំងក្មេងទាំងចាស់ ប្រជ្រៀតគ្នាចូលមើល ទាំងក្មេងទាំងចាស់ រាប់ម៉ឺននាក់ក្នុង១ថ្ងៃៗ ហើយសំបុត្រត្រូវបានលក់អស់គ្មានសល់ តាំងពីពីរថ្ងៃមុន។
ភាពយន្តខ្នាតធំ រឿង «ហ្លួងព្រះស្ដេចកន» ត្រូវបានគេដឹងថា បានចំណាយពេលសិក្សាស្រាវជ្រាវ និងផលិតដល់ទៅ២ឆ្នាំ ក្នុងរង្វង់ថវិកាប្រមាណ១លានដុល្លារ ដោយស្ថានីយទូរទស្សន៍ PNN និងមានការចូលរួមសម្តែង ដោយតារាល្បីៗ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះរួមមាន លោក ទេព រិនដារ៉ូ, ស៊ិន សក្កដា, រស់ សោភ័ណ, ឆុំ វត្តី, ហេង ប៊ុនលាភ, ឌី សាវ៉េត, ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ និងតារាសម្ដែងល្បីៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា រឿង «ហ្លួងព្រះស្ដេចកន» ជាខ្សែភាពយន្តខ្នាតធំ បានចាក់បញ្ចាំង នៅតាមរោងភាពយន្តទំនើបៗចំនួន៧ តាំងពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៧ មកម្ល៉េះ។ ភាពយន្តបែបប្រវត្តិសាស្រ្តនេះ មានឈុតឆាករំជួលចិត្ត ស្នូរដាវ លាន់ឮរំពងដូចជារន្ទះ សង្គ្រាមកាប់ចាក់ ល្បិចកិចកល់ ជម្លោះកើតមានមិនចេះចប់មិនចេះហើយ និង សង្គ្រាមផ្ទៃក្នុងចាប់ផ្ដើមកើតមាន នៅក្នុងអាណាចក្រខ្មែរ ផ្ទៃដីពោរពេញដោយឈាម ធ្វើឲ្យប្រទេសមានភាពវឹកវរជាខ្លាំង។
ចង់ដឹងថា រឿង «ហ្លួងព្រះស្ដេចកន » ល្អមើលយ៉ាងណា មកទស្សនា Trailer ទាំងអស់គ្នា៖