(អាមេរិក)៖ កោះហ្គាំ ជាដែនដីដ៏សំខាន់សម្រាប់មូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក។ វិស័យទេសចរណ៍ និងការពង្រីកវត្តមាន យោធាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កោះនេះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងនឹងបញ្ជូនទ័ពរាប់ពាន់នាក់ ពីកោះអូគីណាវ៉ា របស់ប្រទេសជប៉ុន ទៅកាន់កោះហ្គាំ ដែលជាផ្នែកមួយនៃធ្វើកំណែទម្រង់ថ្មីលើវិស័យយោធារបស់អាមេរិក។

ថ្មីៗនេះប្រទេសកូរ៉េខាងជើង បានគំរាមមហាអំណាចអាមេរិកថា នឹងវាយប្រហារកោះនេះ នៅក្នុងពាក់កណ្តាលខែសីហាខាងមុខ បន្ទាប់ពីមានភាពតានតឹងបាន កើតមានឡើងជាបន្តបន្ទាប់។ ប៉ុន្តែនៅថ្ងៃទី១៥​ ខែសីហា កូរ៉េខាងជើងមិនបានបាញ់ទៅកោះហ្គាំទេះ

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកោះហ្គាំរបស់សហរដ្ឋអាមេរិក៖
* រដ្ឋធានី៖ Hagatna
* ទីក្រុងធំជាងគេ៖ Dededo
* ភាសាផ្លូវការ៖ អង់គ្លេស និងភាសា Chamorro
* ជនជាតិ៖ ចម្រុះដោយ១១ជនជាតិ
* ដែនដីអធិបតេយ្យភាព៖ របស់សហរដ្ឋអាមេរិក
* ប្រធានាធិបតី៖ លោក Donald Trump
* អភិបាលកោះ៖ លោក Eddie Baza Calvo
* ដែនដី៖ ៥៤០គីឡូម៉ែត្រការ៉េ
* ប្រជាជន៖១៥៩,៣៥៨នាក់ (ឆ្នាំ២០១០)
* ដង់ស៊ីតេ៖ ៧៧៥នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ
* GDP សរុប៤.៨៨ពាន់លានដុល្លារ(ឆ្នាំ២០១៣)

១៖ ប្រវត្តិដែនដី៖
*ឆ្នាំ២០០០ មុនគ.ស. ៖ កោះហ្គាំទីតំាងរស់នៅរបស់ជនជាតិឥណ្ឌូនេស៊ី និងហ្វីលីពីន
*ឆ្នាំ១៥២១ នៃគ.ស.៖ លោក ម៉ាសេឡង់ ក្នុងធ្វើដំណើររុករកដើម្បីស្តេចអេស្ប៉ាញ លោកបានសំចតនៅកោះ ហ្គាំនេះជាលើកដំបូង។
*ឆ្នាំ១៥៦៥៖ ប្រទេសអេស្ប៉ាញ ប្រកាសថា កោះនេះជាកម្មសិទ្ធរបស់ខ្លួន។
*ឆ្នាំ១៨៩៨៖ កោះហ្គាំ ត្រូវបានសហរដ្ឋអាមេរិក រឹបអូសក្នុងសម័យសង្គ្រាមអេស្ប៉ាញ អាមេរិក។
*ឆ្នាំ១៩៤១៖ ជប៉ុនបានរឹបអូសយកកោះហ្គាំនេះ បន្ទាប់ពីជប៉ុនជោគជ័យក្នុងការវាយប្រហារនៅតំបន់ ភៀលហាប័រ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
*ឆ្នាំ១៩៤៤៖ កងទ័ពសម្ព័ន្ធមិត្តរឹបអូសយកកោះនេះវិញ ហើយបានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់វាយប្រហារជប៉ុន ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីពីរ។

២៖ ទីតាំងភូមិសាស្ត្រ៖
ហ្គាំបានលាតសន្ធឹងចន្លោះខ្សែស្របទី១៣.២ និងទី១៣.៧ដឺក្រេ នៃរយៈទទឹងខាងជើង និងក្នុងចន្លោះខ្សែបណ្តោយទី១៤៤.៦ និងទី១៤៥.០ដឺក្រេ នៃរយៈបណ្តោយខាងកើត។ ដោយសារវាមានផ្ទៃដី ៥៤៩គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យកោះនេះក្លាយជាកោះធំជាងគេទី៣២ របស់សហរដ្ឋអាមេរិក។ វាស្ថិតនៅភាគខាងត្បូង និងធំជាងគេបំផុត ក្នុងចំណោមប្រជុំកោះម៉ារីយ៉ា ហើយក៏ជាកោះធំជាងគេនៅមីក្រូនេស៊ីផងដែរ។

ខ្សែសង្វាក់កោះនេះត្រូវបានបង្កើតឡើងដោយការប៉ះទង្គិចគ្នា រវាងមហាសមុទ្រប៉ាស៊ីហ្វិកនិងហ្វីលីពីន។ Challenger ជាចំណុចជ្រៅបំផុត ស្ថិតនៅភាគនិរតី នៃកោះហ្គាំដែលមានជម្រៅ ១០,៩១១ ម៉ែត្រ។ ដោយឡែកចំណុចខ្ពស់បំផុតនៅកោះហ្គាំ គឺភ្នំ LamLam ដែលមានកម្ពស់៤០៧ម៉ែត្រ។ កោះនេះមានប្រវែង បណ្តោយប្រវែង៥០គីឡូម៉ែត្រ និងទទឹងពី៦ទៅ១៩គីឡូម៉ែត្រ ស្មើនឹង៣ភាគ៤នៃទំហំរបស់ប្រទេស សិង្ហបុរី។
កោះនេះធ្លាប់ប្រឈមមុខនឹងគ្រោះរញ្ជួយដីម្តងម្កាលដោយសារទីតាំងរបស់វា ស្ថិតនៅចុងខាងលិចបំផុតនៃមហាសមុទ្រប៉ាស៊ីហ្វិក និងក្បែរសមុទ្រហ្វីលីពីន។

៣៖ រដ្ឋាភិបាល និងនយោបាយ៖
ហ្គាំត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីសំណាក់អភិបាលដ៏មានប្រជាប្រិយភាពម្នាក់។ កោះហ្គាំ អាចបោះឆ្នោតជ្រើសរើសប្រតិភូម្នាក់ ដែលប្រតិភូនោះ ធ្វើជាតំណាងក្នុងសភាតែគ្មានសិទ្ធបោះឆ្នោតឡើយ។ បច្ចុប្បន្នប្រតិភូតំណាងកោះហ្គាំ គឺលោក Madeleine Z. Bardallo មកពីបក្សប្រជាធិបតេយ្យ។

៣៖ មូលដ្ឋានយោធា៖
យោធាអាមេរិករក្សាយុត្តាធិការលើមូលដ្ឋានរបស់ខ្លួន ដែលគ្របដណ្តប់ប្រហែល២៩ភាគរយ នៃផ្ទៃដីសរុបរបស់កោះហ្គាំ ដែលទ័ពទាំងនោះមានដូចជា៖
* កងនាវាចរអាម៉េរិកនៅកោះហ្គីម
* កងឆ្មាំល្បាតឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក
* មូលដ្ឋានទ័ពអាកាសអាន់ឌែនអាតសាន និងកងទ័ពអាកាសអាមេរិច
* កំពង់ផែអាផារ៉ា - ឧបទ្វីប Orote
* តំបន់ឧបសម្ព័ន្ធ អាមេរិកខាងត្បូង ខ្ពង់រាបកណ្តាល
* ស្ថានីយ៍កុំព្យូទ័រនិងទូរគមនាគន៍នាវាចរកងនាវាចរអាម៉េរិក បារីហ្គ្រីដានិងហ្វីនហ្គាយ៉ាន
* ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្គាំ កងល្បាតជាតិ វិទ្យុបារីហ្គ្រីដានិងហ្វតជ្យូនម៉ា
* Joint Force Headquarters-Guam, Guam National Guard – Radio Barrigada and Fort Juan Muna

៤៖ សេដ្ឋកិច្ច៖
សេដ្ឋកិច្ចរបស់កោះ ហ្គាំ ពឹងផ្អែកសំខាន់ទៅលើវិស័យទេសចរណ៍ ការដាក់មូលដ្ឋានការពារជាតិ និងអាជីវកម្មដែលកាន់កាប់ដោយប្រជាពលរដ្ឋក្នុងស្រុក។ ទោះបីជាកោះនេះ មិនមានប្រាក់ចំណូលឬអាករពន្ធក៏ដោយ ក៏កោះហ្គាំទទួលបានការទូទាត់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីប្រាក់ចំណូលទូទៅនៃរតនាគារសហរដ្ឋអាមេរិក។ ក្រោមច្បាប់បញ្ញត្តិពិសេស កំណត់ដោយសភាអាមេរិកបានបញ្ជាក់ថា រតនាគាររបស់កោះ ហ្គាំផ្ទាល់ ជាអ្នកទទួលបានចំណូលពីពន្ធរបស់ប្រជាពលរដ្ឋក្នុងស្រុក មិនមែនបានទៅរតនារបស់សហរដ្ឋអាមេរិកនោះទេ។

ដោយសារកោះហ្គាំ ជាមូលដ្ឋានដ៏សំខាន់សម្រាប់អាមេរិកក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន នៅតំបន់ប៉ាស៊ីហ្វីកនោះ និងនៅជិតដែនដីរបស់ខ្លួនជាងគេផងនោះ ប្រទេសកូរ៉េខាងជើងបានសម្រេចយកកោះនេះធ្វើជាគោលដៅវាយប្រហារររបស់ខ្លួន ។ ការគំរាមនេះបានក្តីបារម្ភជាខ្លាំង ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

 

https://d1d37e9z843vy6.cloudfront.net/jp/images/3262473/61c312a419ef7740489ae2b7daa7a7c295cdfbe9_p.jpeg