(ភ្នំពេញ)៖ ជនដែលប្រមាថកងទ័ពជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានតុលាការចេញដីកា ឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៤ ខែសីហានេះ បានសម្រេចផ្ទេរសិទ្ធិ ក្នុងដឹកនាំគណបក្សជូនលោក សួង សុភ័ណ្ឌ ជាប្រធានស្តីទី ។
ជាមួយគ្នានេះ គណបក្សអំណាចខ្មែរ ក៏បានប្រកាសធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងចាប់ខ្លួន លោក សួន សេរីរដ្ឋា នៅព្រឹកថ្ងៃទី១៥ ខែសីហាស្អែកនេះផងដែរ។
លោក សួង សុភ័ណ្ឌ គឺជាអតីតបេក្ខជន តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មណ្ឌលប៉ៃលិន ដោយបានប្រកាសលាលែងពីតំណែងនៅក្នុង គណបក្សសង្រ្គោះជាតិ គ្រោងនឹងទៅកាន់តំណែង ជាអនុប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។
សូមជម្រាបថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
លោក លី សុផាណា អ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហានេះថា ជុំវិញករណីលោក សួន សេរីរដ្ឋា បន្ទាប់ពីបានសាកសួរ និងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌរួមមាន៖
១៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ
២៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
៣៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធី នៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ។
សំណុំរឿង លោក សួន សេរីរដ្ឋា នឹងបន្តបើកសវនាការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ៕