(ភ្នំពេញ)៖ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ បានប្រកាសយន្តការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល នៅក្នុងការប្រមូលទិញស្រូវ ដោយបង្កើនការវិនិយោគដល់៣០លានដុល្លារ លើមជ្ឈមណ្ឌលប្រមូលទិញស្រូវពីកសិករ និងបង្កើនឥណទាន៥០លានដុល្លារ (បើមានការចាំបាច់នឹងបន្ថែមទៀត) សម្រាប់ប្រមូលទិញស្រូវ
ក្នុងអត្រាការប្រាក់ ៥% ហើយនីតិវិធីផ្តល់ឥណទានតែ ០២ ថ្ងៃប៉ុណ្ណោះ។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អភិបាល និងអភិបាលរងខេត្តនៃគណៈអភិបាលខេត្តផលិតស្រូវសំខាន់ៗនានា, ដៃគូអភិវឌ្ឍន៍, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន, សហព័ន្ធស្រូវអង្ករកម្ពុជា, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនិងនាំចេញអង្ករ, តំណាងសហគមន៍កសិករ ព្រមទាំងអ្នកសារព័ត៌មាន និងការីពាក់ព័ន្ធដទៃទៀតចូលរួមផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា យន្តការអន្តរាគមន៍របស់ រាជរដ្ឋាភិបាលនៅក្នុងប្រមូលទិញស្រូវនេះ ត្រូវបានសម្រេចដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្អែកលើលទ្ធផល នៃការសិក្សាស្រាវជ្រាវ របស់ក្រុមការងារ នៃគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន។
លោករដ្ឋមន្រ្តីស្តីទីបានលើកឡើងផងដែរថា គោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០១០កន្លងទៅ បានកំណត់នូវគោលដៅសំខាន់ៗ ចំនួន ០៣ គឺ
១៖ បង្កើនផលិតផលស្រូវលើសពីសេចក្តីត្រូវការឱ្យដល់៤លានតោន, ២៖ ជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោន, ៣៖ ធ្វើឱ្យអង្ករកម្ពុជាត្រូវ បានទទួលស្គាល់ជាអន្តរជាតិ នៅឆ្នាំ២០១៥។ ទោះបីយើងមិនទាន់អាច សម្រេចបាននូវការនាំអង្ករចេញ១លានតោន គិតមកទល់នឹងពេលនេះក្តី តែយើងបានសម្រេចធ្វើឱ្យអង្ករកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយផលិតផលស្រូវលើស ពីសេចក្តីត្រូវការបានកើនឡើង ដល់ប្រមាណ៥លានតោន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាប្រភពដ៏សំខាន់ នៅក្នុងការធានាបាននូវស្ថិរភាព នៃប្រភពស្រូវ ដើម្បីធ្វើការកែច្នៃ សម្រាប់នាំអង្ករចេញ។ ទន្ទឹមនឹងនេះ ប្រព័ន្ធខ្សែចង្វាក់ស្រូវអង្ករកម្ពុជា ក៏បានបង្កើតនូវស្ថានភាពមួយ ដែលតួអង្គពាក់ព័ន្ធទាំងអស់ កាន់តែមានការយល់ដឹង និងសមត្ថភាពជំនាញ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ពង្រីកលទ្ធភាពនាំចេញ របស់កម្ពុជាទៅថ្ងៃមុខ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមនានា និងពង្រឹងភាពទន់ខ្សោយ របស់កម្ពុជានៅក្នុងប្រព័ន្ធខ្សែចង្វាក់ កែច្នៃអង្ករទាំងមូល។
លោករដ្ឋមន្រ្តីស្តីទី ក៏បានគូសបញ្ជាក់ផងដែរថា ទោះបីកន្លងមក ធាតុចូលផលិតកម្ម ដូចជា ពូជ ជី ថ្នាំកសិកម្មជាដើម មានការឡើងថ្លៃក៏ពិតមែន តែថ្លៃស្រូវរបស់យើងនៅតែមានភាពប្រកួតប្រជែង ធៀបនឹងប្រទេសជិតខាង ហើយគុណភាពទៀតសោតក៏ចាប់ផ្តើមកាន់តែប្រសើរឡើង ដោយសារកសិករភាគច្រើនចាប់ផ្តើមងាកទៅ ផលិតស្រូវក្រអូប, ការកើនឡើងនូវយន្តូបនីយកម្ម, ប្រព័ន្ធស្រោចស្រព, ការទទួលបានបច្ចេកទេសថ្មី, ការធ្លាក់ចុះថ្លៃដឹកជញ្ជូនក្នុងស្រុកខ្លះ រួមទាំងការធ្លាក់ចុះថ្លៃអគ្គិសនី ទោះបីនៅខ្ពស់។ បញ្ហារបស់យើង គឺចាប់ពីការសម្ងួត និងការកែច្នែ រហូតទៅដល់ការដឹកជញ្ជូនដល់កំពង់ផែ ដែលធ្វើឱ្យថ្លៃអង្ករនាំចេញរបស់កម្ពុជាខ្ពស់ជាងគេវិញ។ លើសពីនេះ ឱ្យតែដល់រដូវប្រមូលផល គឺថ្លៃស្រូវច្រើនតែធ្លាក់ចុះ ដូចធ្លាប់បានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ទៀតថា តាមការសិក្សា មូលហេតុនៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីកត្តា Market failure នៅក្នុងប្រព័ន្ធទីផ្សារស្រូវ ក្នុងស្រុករបស់យើង ពោលគឺមិនមែនបណ្តាលមកពីកត្តាទីផ្សារ ឬកត្តាសេដ្ឋកិច្ចនោះទេ។ ថ្វីត្បិតតែយើងផលិតស្រូវ លើសកាន់តែច្រើន តែវាមិនទាន់ហួសពីសេចក្តីត្រូវការ នៅក្នុងទីផ្សារនៅឡើយ ព្រោះនៅទីបំផុត គឺស្រូវត្រូវបានលក់អស់ដដែល និងមិនដែលមានការចាក់ចោលទេ។ បញ្ហានៅត្រង់ថា បច្ចុប្បន្នយើងមានការផលិតស្រូវច្រើនជាងមុន ហើយការច្រូតកាត់ក៏លឿនជាងមុន ដោយសារមានការប្រើប្រាស់គ្រឿងយន្តកាន់ច្រើន ក្នុងខណៈយើងនៅមានការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក និងឡសម្ងួត។ ទន្ទឹមនឹងនេះ កសិករក៏មានការប្រញាប់ប្រញាល់ ក្នុងការលក់ផលស្រូវរបស់ខ្លួន នៅរដូវច្រូតកាត់ផងដែរ ដើម្បីសងបំណុលគេ ក្នុងខណៈដែលរោងម៉ាស៊ីនកិនស្រូវ និងឈ្មួញកណ្តាលខ្លះ ខ្វះទុនបង្វិលក្នុងការប្រមូលទិញស្រូវយ៉ាងគំហុកពីកសិករ។
លោក វង្សី វិស្សុត បានថ្លែងទៀតថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចុះ នូវយន្តការអន្តរាគមន៍រយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឡសម្ងួត និងឃ្លាំងស្តុកស្រូវ ក៏ដូចជាទុនបង្វិល ដើម្បីការពារផលប្រយោជន៍កសិករ តាមរយៈការការពារស្ថិរភាពនៃថ្លៃស្រូវ គឺទ្រទ្រង់ថ្លៃស្រូវកុំឱ្យធ្លាក់ចុះខ្លាំងពេក ហួសពីថ្លៃទីផ្សារដោយមិនសមហេតុផល។ អន្តរាគមន៍នេះ រួមមាន វិធានការដូចតទៅ៖
ទី១៖ បង្កើនការវិនិយោគលើមជ្ឈមណ្ឌលប្រមូលទិញស្រូវ ដែលរួមមានការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតដល់ប្រមាណ ៣០ លានដុល្លារអាមេរិក ដោយផ្តោតលើតំបន់ផលិតស្រូវសំខាន់ៗ ដើម្បីស្រូបយកផលស្រូវពីកសិករ នៅពេលគាត់មានតម្រូវការនៅក្នុងការលក់ បន្ទាប់ពីគាត់ធ្វើការប្រមូលផលរួច។
ទី២៖ បង្កើនឥណទានប្រមូលទិញស្រូវឱ្យកើនឡើងដល់ ៥០ លានដុល្លារអាមេរិក ដោយធនាគារអភិវឌ្ឍន៍ជនបទដើរតួជាប្រតិបត្តិករ ក្នុងការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវធំៗ ដែលជាអ្នកកំណត់ថ្លៃ សម្រាប់ប្រើប្រាស់ជាទុនបង្វិលសម្រាប់ប្រមូលទិញស្រូវ ជាមួយនឹងនីតិវិធីផ្តល់ឥណទានយ៉ាងយូរត្រឹម ០២ ថ្ងៃ និងមានអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ។ ពេលអនុវត្ត បើពិនិត្យទៅឃើញមានភាពចាំបាច់ រាជរដ្ឋាភិបាលនឹងបង្កើនឥណទាននេះបន្ថែមទៀត។ នៅក្នុងយន្តការនេះ ថ្វីត្បិតតែរោងម៉ាស៊ីនកិនស្រូវធំៗទាំងនោះ ជាអ្នកកំណត់ថ្លៃ ទៅតាមនិយាមទីផ្សារក្តី តែរោងម៉ាស៊ីនកិនស្រូវមិនអាចចេះតែ ទម្លាក់ថ្លៃស្រេចតែនឹងចិត្តទេ ពោលគឺនឹងមានការតាមដាន និងត្រួតពិនិត្យ ទាំងពីថ្នាក់កណ្តាល ដោយមានកិច្ចសហការជាមួយថ្នាក់ក្រោមជាតិ ពិសេសពីសំណាក់អាជ្ញាធរខេត្តនៅហ្នឹងកន្លែង។
ទី៣៖ ដោយសារការដឹកជញ្ជូន ក៏ជះឥទ្ធិពលដល់ការលក់ស្រូវរបស់កសិករ ហើយថ្លៃស្រូវក៏មានភាពខុសគ្នារវាងថ្លៃស្រូវលក់ក្នុងស្រែ និងស្រូវដែលលក់នៅកន្លែងប្រមូលផ្តុំ រហូតទៅដល់ប្រមាណពី ១៥% ទៅ ២០%, ដូចនេះ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគបន្ថែមលើការសាងសង់ផ្លូវនេះ។ ដោយឡែក ចំពោះតំបន់ដែលមានការលំបាកខ្លាំង, រាជរដ្ឋាភិបាលនឹងប្រើប្រាស់យន្តការ ក្រុមការងារថ្នាក់ជាតិរបស់ខ្លួន ដើម្បីចុះជួយដឹកជញ្ជូនស្រូវរបស់កសិករ ពីស្រែរបស់ពួកគាត់មកកាន់កន្លែងលក់តែម្តង។
ទី៤៖ សម្រួលច្រកព្រំដែនជាមួយប្រទេសជិតខាង ដើម្បីឱ្យយើងអាចធ្វើការនាំចេញស្រូវ ក៏ដូចជាកសិកផលផ្សេងទៀត ទៅប្រទេសជិតខាងដោយងាយស្រួល និងមិនមានការរាំងស្ទះ តាមរយៈសម្រួលនីតិវិធីបែបបទការនាំចេញ និងការបន្តខិតខំកាត់បន្ថយថ្លៃដឹកជញ្ជូន រួមទាំងចំណាយផ្លូវការ និងក្រៅផ្លូវការ ព្រមទាំងការលុបបំបាត់កុងត្រូលជជុះ។ វិធានការនេះ នឹងផ្តល់នូវអំណាចចរចាថ្លៃពិតប្រាកដដល់កសិករ ព្រោះពួកគាត់អាចមានជម្រើសចង់លក់ឱ្យអ្នកកែច្នៃក្នុងស្រុកក៏បាន និងចង់លក់ឱ្យឈ្មួញស្រូវពីប្រទេសជិតខាងក៏បាន។
ទី៥៖ បន្តខិតខំស្វែរកទីផ្សារក្រៅប្រទេសថ្មីៗថែមទៀត ដើម្បីជំរុញការនាំអង្ករចេញ ជាពិសេសទៅកាន់ប្រទេសទីផ្សារគោលដៅសំខាន់ៗ រួមទាំងទីផ្សារប្រទេសចិន និងទីផ្សារសក្តានុពលមួយចំនួនទៀត។
លោករដ្ឋមន្រ្តីស្តីទីក៏បានគូ សបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងបង្កើតក្រុមការងារចង្អៀតមួយ ក្នុងកម្រិតគោលនយោបាយ នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាការធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យលើការអនុវត្តយន្តការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលខាងលើនេះ ឯធនាគារអភិវឌ្ឍន៍ជនបទ ដើរតួជាប្រតិបត្តិករ នៅក្នុងការអនុវត្តគម្រោងនេះ ដោយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់។
លោករដ្ឋមន្រ្តីស្តីទី បានស្នើសុំឲ្យអាជ្ញាធរខេត្ត/ស្រុក ផ្ដល់ការសហការឲ្យបានពេញទំហឹងជាមួយនឹង ធនាគារអភិវឌ្ឍន៍ជនបទ ព្រមទាំងសម្របសម្រួលជាមួយ រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ ដើម្បីអនុវត្តឲ្យបានជោគជ័យ។
ទន្ទឹមនឹងនេះ លោកបានបន្តថា រាជរដ្ឋាភិបាលក៏កំពុងគិតគូររៀបចំនូវយុទ្ធសាស្រ្តរយៈពេលមធ្យម និងវែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់វិស័យកសិកម្មទាំងមូលនិយាយជារួម និង សម្រាប់វិស័យស្រូវអង្ករ និយាយដោយឡែក។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការធ្វើបទបង្ហាញអំពីក្របខ័ណ្ឌទស្សនាទានរួម នៃយន្តការអន្តរាគមន៍ និងអំពីប្រតិបត្តិការសម្រាប់ការ អនុវត្តជាក់ស្តែង, អង្គសិក្ខាសាលាក៏បានបើកឱ្យមានវេទិកា ពិភាក្សាឆ្លើយឆ្លងដោយស្មោះត្រង់ និងស្ថាបនាពីគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមផងដែរ នៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕