ប្រធានពន្ធនាគារខេត្តរតនគិរីថ្មីត្រូវបានប្រកាសតែងតាំងជាផ្លូវការ លោក អ៊ុក គឹមជន ចូលជំនួសលោក ទីន សុវណ្ណនី
14-08-2017 17:30
(រតនគិរី)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ចាន់ គឹមសេង នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសឲ្យចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តរតនគិរីថ្មី ដោយលោក អ៊ុក គឹមជន ចូលកាន់តំណែងជំនួសលោក ទីន សុវណ្ណនី។
ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ក៏មានការចូលរួមពី លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ, អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។
អគ្គនាយកពន្ធនាគារ លោក ចាន់ គឹមសេង បានលើកឡើង ពីការដឹកនាំរបស់លោក ទីន សុវណ្ណនី កន្លងមកមានស្នាដៃជាច្រើន ដូចជាកសាងអគារ, របង ប្រព័ន្ធសុវត្ថិភាពជាដើម ដោយការផ្លាស់ប្តូរនេះគ្មានអ្វីប្លែកនោះទេ។ លោក ចាន់ គឹមសេង ក៏បានជម្រុញឲ្យ លោក អ៊ុក គឹមជន ត្រូវបន្តការងារនៅសេសសល់ ពីប្រធានអង្គភាពចាស់ ត្រូវមានសាមគ្គីភាព ផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ។
ទន្ទឹមនឹងនេះ អគ្គនាយកពន្ធនាគារ សំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាជួយពន្ធនាគារបន្តទៀត ដើម្បីប្រែក្លាយទីនេះ (ពន្ធនាគារ) វិវត្តន៍រីកចម្រើន មានភាពប្រសើរឡើងដូចកន្លែងដទៃទៀត៕