(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ នៅម៉ោង៧៖១៥នាទី ព្រឹកថ្ងៃទី១៤ ខែសីហានេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមានគ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យ របស់នគរបាលចំនួន១០គ្រឿង បានចេញមកអន្តរាគមន៍ ខណៈរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ៣គ្រឿងទៀត ក៏ចេញជួយអន្តរាគមន៍ផងដែរ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលបាញ់ទឹកអស់៧គ្រឿង ចំណែករថយន្តរបស់កងរាជអាវុធហត្ថ ប្រើប្រាស់ទឹកអស់៣គ្រឿង។

ភ្នាក់ងារ Fresh News បានឲ្យដឹងទៀតថា គ្រោះអគ្គិភ័យនៅព្រឹកព្រលឹមថ្ងៃទី១៤ ខែសីហានេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត១០ខ្នង ដែលជាប្រភេទផ្ទះសង្គ័សី ហើយស្ត្រីម្ចាស់ផ្ទះម្នាក់បានដួលសន្លប់ផងដែរ៕