(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា នឹងអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹង លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។
ក្រសួងការបរទេស ប្រកាសបន្ថែមថា កន្លងមកទោះបីជាមានការចរចាថ្នាក់បច្ចេកទេស មន្រ្តីជាន់ខ្ពស់ រហូតដល់ការជួបពិភាក្សា និងចរចារវាងថ្នាក់ដឹកនាំកំពូល ព្រមទាំងមានកំណត់ទូតនិងលិខិតតវ៉ាជាច្រើន ពិសេសលិខិតចុងក្រោយបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីឡាវ ក៏ដោយ ក៏ភាគីឡាវនៅមិនទាន់ឆ្លើយតប និងមិនព្រមដកកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចេញពីទឹកដីកម្ពុជាឡើយ។
នៅក្នុងដំណើរទៅចរចាររបស់ សម្តេចតេជោ ហ៊ុន សែន លើកនេះក៏ជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះ ដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ ការប្រកាន់យកវិធានផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីកិច្ចខិតខំ ចុងក្រោយនេះរបស់កម្ពុជា នឹងមិនផ្តល់លទ្ធផលជាវិជ្ជាមានទេនោះ៕