(ភ្នំពេញ)៖ ថ្លែងចេញពីខេត្តស្ទឹងត្រែង ទាំងកណ្តាលយប់នេះ, នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការនៃកងយោធពលខេរមភូមិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃសុក្រនេះថា ទាហាននៃកងពលលេខ២ និងលេខ៣ ប្រមាណ៥០០០នាក់ បាននឹងកំពុងធ្វើដំណើរចល័តចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ជាមួយសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់។
នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងប្រាប់បណ្តាញ Fresh News ឲ្យដឹងថា កងទ័ពប្រមាណ៥០០០នាក់, រថក្រោះ, រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង នឹងទៅដល់គោលដៅនៃសមរភូមិព្រំដែនកម្ពុជា-ឡាវ នៅព្រឹកព្រលឹមថ្ងៃស្អែក ដើម្បីកំចាត់កងទ័ពឈ្លានពានឡាវ ចូលរំលោភបំពានទឹកដីកម្ពុជាទាំងគឃ្លើន។ ការបញ្ជូនកងទ័ពទៅកាន់សមរភូមិ ដើម្បីវាយកម្ទេចសត្រូវនេះ ធ្វើឡើងតាមអនុសាសន៍បញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាយឧត្តមសេនីយ៍ បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យសត្រូវយកដីពីកម្ពុជា សូម្បីមួយមីលីម៉ែត្រនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរ ឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។
ទន្ទឹមនឹងការចល័តទ័ពនេះ នៅយប់ថ្ងៃទី១១ ខែសីហានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានដឹកនាំកម្លាំងរៀបចំដាក់ចេញនូវ ផែនការជាច្រើនទៀត ដើម្បីពង្រាយកងទ័ពនៅទីតាំងដែលទាហានឡាវ ឈ្លានពានលើកទឹកដីកម្ពុជាផងដែរ៕