ចូលរួមលើកទឹកចិត្ត កងទ័ពសមរភូមិមុខ! លោក កែវ សុខឃាង ឧបត្ថម្ភមី២០០កេស និងទឹកក្រូច២០០កេស ជូនកងពលធំលេខ២១ ក្នុងការការពារជាតិមាតុភូមិ
11-08-2017 22:27
(ភ្នំំពេញ)៖ ដើម្បីចូលរួមចំណែកលើកទឹកចិត្តសមរភូមិមុខ ក្នុងការការពារទឹកដីកម្ពុជា លោក កែវ សុខឃាង ប្រធាននាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានផ្តល់ជូនកងពលធំលេខ២១ នៃកងយោពលខេមរភូមិន្ទ នូវអំណោយឧបត្ថម្ភមានដូចជា មីចំនួន២០០កេស និងទឹកក្រូចចំនួន២០០កេស ដើម្បីរួមចំណែកលើកទឹកចិត្ត ក្នុងស្មារតីបំពេញភារកិច្ចរបស់នាយ ទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងការការពារជាតិ មាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះ ហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសទុកពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាម រាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា៕