(ភ្នំពេញ)៖ នៅពេលនេះកងទ័ពនិងសព្វាវុធរបស់កម្ពុជា បាននឹងកំពុងបញ្ជូនចេញមូលដ្ឋានក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានឡាវចេញពីទឹកដីកម្ពុជា។ ការបញ្ជូនកងទ័ពនេះធ្វើឡើងដោយឆ្លងកាត់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ចូលមករាជធានីភ្នំពេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ៦ A សំដៅទៅកាន់សមរភូមិជួរមុខ ក្នុងខេត្តស្ទឹងត្រែង។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កងទ័ពនឹងសម្ភារៈសឹកបញ្ជូនបន្ថែមទៀតនៅម៉ោងប្រមាណ ៧យប់នេះចេញពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បាស់ៗថា «កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀតទៅកាន់ ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរយើង ដោយមិនឲ្យសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។
នៅព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានី កុំឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលមានការចល័តកងទ័ព ការចល័តរថក្រោះ និងរថពាសដែកនៅយប់ថ្ងៃនេះ ចេញពីមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់សមរភូមិជួរមុខ ក្នុងខេត្តស្ទឹងត្រែង ខណៈដែលកងទ័ពកម្ពុជា-ឡាវ កំពុងតែប្រឈមមុខដាក់គ្នា ដោយសារតែការឈ្លានពានរបស់កងទ័ពរបស់ឡាវ មកលើទឹកដីកម្ពុជា៕