(ភ្នំពេញ)៖ ផលិតកម្មថ្មីមួយទៀតហើយ បានចាប់បដិសណ្ឋិឡើង ក្នុងវិស័យភាពយន្តខ្មែរ មានឈ្មោះថា «GM» ដោយបានផលិតរឿងលើកដំបូងរបស់ខ្លួន មានចំណងជើងថា «ចង់ដឹងសាកមើល» ត្រូវចំណាយដើមទុន ប្រមាណជិត១០ម៉ឺនដុល្លារ ដែលជាទំហំទឹកប្រាក់មួយ ត្រូវបានគេមើលឃើញថា ច្រើនគួរសម។
ស្នាដៃលើកដំបូង របស់ផលិតកម្ម GM បានរៀបចំពិធីបើកសម្ពោធ ចេញថតជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅម្ដុំផ្សារដីហុយ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ចាងហ្វាងផលិតកម្ម ផលិតករ និងតារាសម្ដែងក្នុងរឿង ជាច្រើននាក់។ លោក ងី ស៊ីប៉ាវ ចាងហ្វាងផលិតកម្ម «GM» បានថ្លែងឲ្យដឹងថា ភាពយន្តខ្នាតធំ «ចង់ដឹងសាកមើល» ជាស្នាដៃលើកដំបូងរបស់ខ្លួន ដោយចំណាយដើមទុន ប្រមាណជិត១០ម៉ឺនដុល្លារ ហើយជាភាពយន្តបង្ហាញ ពីក្បាច់គុណបុរាណរបស់ខ្មែរ ដើម្បីឲ្យជនជាតិដទៃ មើលឃើញថា ខ្មែរយើងក៏មានក្បាច់គុណដ៏ចំណាស់ ពីបុរាណមកដែរ។
រឿង «ចង់ដឹងសាកមើល» ក្រៅពីបង្ហាញឈុតឆាកក្បាច់គុនបុរាណខ្មែរ បែបកំប្លែងសើច ក្នុងនោះក៏មានលាយឡំជាមួយឈុតឆាកស្នេហា ផ្អែមល្ហែមរបស់តួឯកប្រុសស្រីក្នុងរឿង ព្រមទាំងសកម្មភាពតួអង្គនីមួយៗ ជាច្រើនទៀត។ ចាងហ្វាងផលិតកម្មដដែលបានឲ្យដឹងថា ភាពយន្តខ្នាតធំរឿង «ចង់ដឹងសាកមើល» នឹងទទួលបានជោគជ័យ ក្រោយពេលដាក់បញ្ចាំង ព្រោះតែអ្នកដឹកនាំ និងអ្នកជួយជ្រោមជ្រែង សុទ្ធសឹងតែមានបទពិសោធល្អៗ មានជំនាញត្រឹមត្រូវ ចេញពីសាលាភូមិន្ទវិចិត្រសិល្បៈ ស្របពេលជាមួយនឹងតួសម្ដែងប្រុស ជាអ្នកមានជំនាញខាងក្បាច់គុណស្រាប់។ លោក ងី ស៊ីប៉ាវ និងយាយថា «ស្នាដៃទី១របស់ផលិតកម្មខ្ញុំនេះ ចំណាយដើមទុនជិត១០ម៉ឺនដុល្លារ យើងគ្រោងនឹងចេញថតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលអាជ្ញាប័ណ្ណពីក្រសួង ត្រៀមនឹងដាក់បញ្ចាំង នៅតាមរោងកុន នៅចុងឆ្នាំនេះ ប្រហែលជាចុងខែ១០។
ក្រោយពីថតរឿងនេះចប់ យើងគ្រោងនឹងផលិតខ្សែភាពយន្តភាគ ដាក់បញ្ចាំងនៅទូរទស្សន៍ និងរឿងខ្នាតធំចាក់បញ្ចាំង នៅរោងកុនបន្ថែមទៀត»។ សូមបញ្ជាក់ថា ភាពយន្តខ្នាតធំ រឿង «ចង់ដឹងសាកមើល» មានការចូលរួមសម្ដែងដោយ លោក ឃឹម ឌីម៉ា, កញ្ញា ដួង ម៉ានិច, លោក ម៉ាដូណា, កញ្ញា អ៊ឹង និមល, លោក លឹម រដ្ឋា នាយ ក្រូច, នាយ ចាបចៀន ព្រមទាំងតារាសម្ដែង ប្រុសស្រីជាច្រើនរូបទៀត៕