(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃ១១ ខែសីហា ឆ្នាំ២០១៧នេះ លោកលី សារី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងមន្ត្រីសាខាជាច្រើននាក់ បានចូលរួមចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន១០៨គ្រួសារ នៅផ្សារអូរស្ងួត ភូមិអូរស្ងួតឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក លី សារី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ តែងតែបាន​យកចិត្តទុកដាក់ គិតគូ​ជានិច្ច​នូវ​ទុក្ខលំបាក់​របស់​ប្រជាជន នៅ​គ្រប់​ទិស​ទី​។​ ​ទីណា​ដែល​បងប្អូន​ជួប​នូវ​ការលំបាក រងគ្រោះ​ពី​ទឹកជំនន់ ខ្យល់កន្ត្រាក់ផ្សេងៗ ទីនោះ​សម្តេច​តែង​បានផ្តល់​អំណោយមកជួយ​សង្គ្រោះ​ដល់​បងប្អូន​គ្រប់ពេលវេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សប្បុរ ឬ​សាសនា​នោះឡើយ​សំរាប់​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ពី​គ្រោះមហន្តរាយ​ទឹកជំនន់​។​ ​

លោក លី សារី បានបន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តាធ្វើ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ចំនុច​បី​ល្អ​គឺ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ចប់ខ្ចួន ។

​ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន១០៨ គ្រួសារទទួលបានអង្ក៣០គីឡូក្រាម, ត្រីខ១០កំប៉ុង, ប្រេងឆា១ដប, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, សាប៊ូម្សៅ១គីឡូក្រាម, មី១កេស, ដោយឡែកប្រជាពលរដ្ឋរងការខូចខាត់ខ្លាំងចំនួន១៨បន្ថែមកៅស៊ូតង់ប្លាស្ទិច១ផ្ទាំង និងសារុង១៕