(ភ្នំពេញ)៖ ខណៈដែលតំរូវការផ្នែកសំណង់កំពុងមានការកើនឡើង និងដោយមើលឃើញពីសក្តានុពលរបស់កម្ពុជា ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលមានក្រសួងសាធារណការ បានបញ្ជូនប្រតិភូរបស់ខ្លួនមកកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាពីលទ្ធភាព នៃប្រទេសទាំងពីរ ឈានទៅសហការគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកសំណង់ នៅកម្ពុជា។
ក្នុងជំនួបរវាងប្រតិភូក្រសួងសាធារណៈការម៉ាឡេស៊ី ដឹកនាំដោយ Dato’ Ir. Ahmad ‘Asri Bin Abdul Hamid នាយកប្រតិបត្តិ ក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ម៉ាឡេស៊ី ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ។
រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា តាមគម្រោងម៉ាឡេស៊ី មានបំណងពីរ គឺអាចបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេស នៅកម្ពុជាដោយផ្ទាល់ ដើម្បីបណ្តុះបណ្តាលដល់និស្សិតកម្ពុជា និងមួយទៀតអាចចាប់ដៃគូរ ជាមួយស្ថាប័នសិក្សាណាមួយ ដើម្បីផ្តល់ជាអាហារូបករណ៍ ដល់និស្សិតកម្ពុជាឲ្យសិក្សាលើជំនាញបច្ចេកទេស ឬយកតម្លៃសិក្សាទាបបំផុត ដល់និស្សិតឲ្យមានឱកាសសិក្សា។
លោក អូស្មាន ហាស្សាន់ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះគម្រោងនេះ ដោយថាសិស្ស និស្សិតកម្ពុជា នឹងមានឱកាសសិក្សាជំនាញបច្ចេកទេសនេះ កាន់តែច្រើន ដែលនឹងអាចទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ នៅពេលបម្រើការងារទាំងក្នុង និងក្រៅប្រទេស។
យ៉ាងណាមិញ ម៉ាឡេស៊ី និងប្រទេសដ៏ទៃទៀត ក៏កំពុងតែខ្វះខាតកម្លាំងពលកម្មផ្នែកបច្ចេកទេសសំណង់ច្រើន ហើយកម្ពុជាយើងក៏មានធនធានមនុស្សច្រើនដែរ ដែលនេះជាការល្អ ដោយយើងគ្រាន់តែសហការគ្នាបណ្តុះបណ្តាលបន្ថែម លើជំនាញបច្ចេកទេស នោះគេនឹងអាចស្រូបយកកម្លាំងពលកម្មជំនាញ ពីប្រទេសយើងបានក្នុងកម្រិតប្រាក់បៀវត្សរ៍កាន់តែខ្ពស់។
បន្ទាប់ពីជំនួបជាមួយគណៈប្រតិភូម៉ាឡេស៊ី រួចមកលោក បានដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ចវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់និស្សិត ក្នុងការអនុវត្តដោយផ្ទាល់ ពីជំនាញបច្ចេកទេសផ្សេងៗ ក្នុងនោះមាន ជំនាញរៀបឥដ្ឋ ការបង្កើតឡានបញ្ជា ពិនិត្យមើលពីការអនុវត្តលើការរៀបចំអគ្គីសនីជាដើម។ គណៈប្រតិភូបាន កោតសសើរចំពោះ ស្នាដៃនិស្សិតកម្ពុជាដែលមានទេពកោសល្យខ្ពស់ ក្នុងការរៀបចំ និងបង្កើតគំនិតថ្មីៗ ទោះបីជាពួកគាត់នៅជានិស្សិតក្តី។
បន្ទាប់ពីបានត្រួតពិនិត្យពីការសិក្សា ក៏ដូចជាការនុវត្តដោយផ្ទាល់ របស់និស្សិតកម្ពុជា នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសព្រះកុសុមៈ គណៈប្រតិភូម៉ាឡេស៊ី បានកោតសរសើរចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា និងមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្ពុជា ក្នុងការលើកកម្ពស់គុណភាព បច្ចេកទេសសំណង់ឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត៕