(ភ្នំពេញ)៖ ក្រុមហ៊ុន NTT Communications Corporation បាននាំចូលប្រព័ន្ធបច្ចេកវិទ្យាដោះស្រាយសុវត្ថិភាព និងបណ្ដាញទំនាក់ទំនងចំបងថ្មីចូលក្នុងប្រទេសកម្ពុជា និងបានបង្ហាញជាផ្លូវការ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។
NTT Communications ជាក្រុមហ៊ុនផ្ដល់ជូននៅសេវាកម្មប្រឹក្សា, ស្ថាបត្យកម្ម, ប្រព័ន្ធសុវត្ថិភាព និងសេវាកម្ម Cloud ដែលធ្វើឲ្យមានភាពប្រសើរឡើង ចំពោះបច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញប្រាស្រ័យទំនាក់ទំនង សម្រាប់បណ្ដាសហគ្រាសនានា។
លោក Manabu Kahara អគ្គនាយកក្រុមហ៊ុន NTT បានឲ្យដឹងថា NTT នេះបានផ្ដល់ជូននូវសេវាជាច្រើន រួមមាន សេវា Network សេវា Cloud ដែលសេវាទាំងនេះ បានជម្រុញឲ្យទីផ្សារនៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ NTT នេះបានផ្ដល់ផលប្រយោជន៍ជាច្រើន ដូចជាការតភ្ជាប់ប្រព័ន្ធមួយ ទៅមួយប្រកបដោយសុវត្ថិភាព។
លោកបានបញ្ជាក់ទៀតថា មូលហេតុដែល NTT ជ្រើសរើសទីផ្សារនៅក្នុងប្រទេសកម្ពុជា ព្រោះនេះ ជាយុទ្ធសាស្រ្ដមួយដើម្បីពង្រីក ទីផ្សារនៅក្នុងតំបន់មេគង្គ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ ដូច្នេះយើងចង់ជម្រុញប្រព័ន្ធ IT ទៅជាប្រព័ន្ធ Digital ឲ្យកាន់តែរីកចម្រើន និងលឿនជាងមុន ការប្រើប្រាស់ប្រព័ន្ធ Digital ជម្រុញឲ្យសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ មានការរីកចម្រើនខ្លាំង នេះជាមូលហេតុធំដែលយើងជ្រើសរើសប្រទេសកម្ពុជា។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន NTT របស់យើងប្លែកពីក្រុមហ៊ុនដទៃ ពីព្រោះដោយសារតែក្រុមហ៊ុនមានការតភ្ជាប់ ពីកន្លែងមួយទៅមួយចំនួន១៩០ប្រទេស មានកន្លែងផ្ទុក Data ធំជាងគេក្នុងពិភពលោក រួមជាមួយនឹងបទពិសោធន៍ដែល យើងមានជាង១០០ឆ្នាំផងដែរ៕