(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងតាមរយៈសារលិខិតអបអរសាទរ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាព យ៉ាងរស់រវើក និងពោរពេញទៅដោយសក្ដានុពល សម្រាប់ការអភិវឌ្ឍ។

តាមរយៈសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា លោក ស៊ីនហ្សូ អាបេ លើកឡើងថា «កាល​ពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទី ទាក់ទាញដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក និងពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគត»។

លិខិតដែលបង្ហាញដោយស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា នាយករដ្ឋមន្ដ្រីជប៉ុន បានបន្ថែមថា ​នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលធ្វើវិនិយោគនៅកម្ពុជាមានការកើនឡើង។ ចំណែកឯប្រជាជនកម្ពុជា ដែលមកកំសាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា បានចូលប្រកួតក្នុងក្លឹបបាល់ទាត់ Fujieda MYFC នៅប្រទេសជប៉ុន ជាលើកទីមួយ។

ជាមួយនឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន បច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងតែស្ថិតនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ច​ផ្លូវការ ហើយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ​ នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានរៀបចំធ្វើពិធីខួបកំណើតជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលមើលទៅប្រកបដោយភាពសន្និស្នាលបំផុត។

បើតាមលិខិតនោះ លោក ស៊ីនហ្សូ អាបេ លើកឡើងថា «កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ។ យើងទាំងពីរនាក់បានឯកភាពគ្នាថា នឹងបន្តពង្រីកចំណងមិត្តភាពដែលមានពេលបច្ចុប្បន្ននេះឲ្យកាន់តែទូលំទូលាយ»។

យ៉ាងណាមិញក្នុងជំនួបនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យ ភាគីជប៉ុនសិក្សាជាមួយ អ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានបន្តថា ច្បាស់ណាស់ សំរាមគឺជា បញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅប្រទេសជប៉ុន សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយគិតគូរក្នុងការផ្ដល់ ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍ លើវិស័យ ដឹកជញ្ជូន ជាពិសេសរៀបចំឲ្យមានរថភ្លើងស្វ័យប្រវត្តិ លើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយ នូវការចំណាយ របស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕