(ត្បូងឃ្មុំ)៖ ថ្ងៃទី៧ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជិត១៥០នាក់ ចូលរួមបរិច្ចាគនៅផ្សារត្រពាំងប្ញស្សី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីម្សិលមិញ (ថ្ងៃទី​៦) មានប្រជាពលរដ្ឋជិត២៥០នាក់ បានចូលរួមបរិច្ចាគ។

លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា ថ្ងៃនេះមានប្រជាពលរដ្ឋជិត១៥០នាក់ តិចជាងម្សិលមិញដោយសារនៅក្នុងផ្សារត្រពាំងប្ញស្សី មិនសូវមានមនុស្សច្រើន នោះទេ ប៉ុន្តែលោកនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះ ក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ។

លោក ពេជ្រ ស្រស់ បានឲ្យដឹងថា ថ្ងៃស្អែកលោកនឹងបន្តយុទ្ធនាការនេះបន្តទៀត។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា យុទ្ធនាការនេះមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនបង្គួរ។ យុទ្ធនាការរៃអង្គាស ថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕