(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្តរតនគិរីជាង២០០នាក់ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងម្នាក់១សម្រាប់ ពីលោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី។
លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី បានប្រាប់អ្នកយកព៌ត៌មានថា ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសផងនោះ រូបលោកបានគៀងគរថវិកា ពីសប្បុរសជន និងថវិកាផ្ទាល់ខ្លួនទិញឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ចែកជូនពួកគាត់ក្នុងពេលនេះ គឺជាការលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើប្រទេសជាតិ បម្រើពលរដ្ឋទាំងថ្ងៃ ទាំងយប់ជាមួយគ្នាកន្លងមក។
លោកមេបញ្ជាការបន្ថែមថា ជាជំហ៊ានដំបូងអង្គភាព និងសប្បុរសជនទិញឯកសណ្ឋានជូនម្នាក់១សម្រាប់ ហើយសន្យាបន្តទិញជូនកម្លាំងនៅពេលក្រោយទៀត។
ជាមួយនិងការចែកជួនឯកសណ្ឋានកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី សូមអំពាវនាវដល់មន្ត្រីអាវុធហត្ថ បើមានបងប្អូន សាច់ញាតិប្រើប្រាស់គ្រឿងញៀន សូមនាំមកធ្វើពិសោធន៍ទឹកនោមនៅអង្គភាពអាវុធហត្ថ ឃើញវិជ្ជមានបញ្ជូនទៅមណ្ឌលកែប្រែព្រោះទីនេះ ដោយមានឧបករណ៍ត្រួតពិនិត្យសារធាតុញៀន អាចទទួលមនុស្សបានប្រមាណ១,០០០នាក់៕