(ត្បូងឃ្មុំ)៖ ថ្ងៃទី៥ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជិត២០០នាក់ ចូលរួមបរិច្ចាគនៅផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីម្សិលមិញ (ថ្ងៃទី៤) មានប្រជាពលរដ្ឋជាង២០០នាក់បានចូលរួមបរិច្ចាគ ខណៈរយៈពេល៤ថ្ងៃកន្លងមកមានបងប្អូនជិត១០០០នាក់បានចូលរួម។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា រយៈពេល៤ថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋជិត១០០០នាក់ហើយ បានចូលរួមជួយបរិច្ចាគ នៅក្នុងខេត្តត្បូងឃ្មុំ។ លោកបានបញ្ជាក់ថា ដោយសារគណៈកម្មការមុន មិនអាចជួយរកថវិកាដើម្បី កសាងបានលោក រួមនឹងក្រុមការងាររបស់គណបក្សយុវជនកម្ពុជា បើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌។

លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ការរៃអង្គាសថវិកានេះ គឺលោកផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយយុទ្ធនាការ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី នាពេលនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ ដោយសប្បុរសជននានាអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕