(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាឱ្យក្រសួងការបរទេស ធ្វើការកំណត់ជាថ្មីនូវបេសកកម្ម និងសេចក្តីថ្លែងការណ៍អំពី គោលដៅរបស់សហរដ្ឋអាមេរិកចំពោះពិភពលោកទាំងមូល នេះបើយោងតាមសេចក្តីថ្លែងការណ៍ភ្នាក់ងារសារព័ត៌មាន Washington Post ចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០១៧ថ្មីៗនេះ។
បច្ចុប្បន្នសេចក្តីព្រៀងនៃសេចក្តីថ្លែងការណ៍ថ្មី កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដែលមានលក្ខណៈស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍នៃបេសកកម្មចាស់ លើកលែងតែរឿងមួយគឺ ការជម្រុញលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រូវបានលុបបំបាត់។
នៅក្នុងសេចក្តីព្រៀងរបស់ក្រសួងមន្ត្រីការបរទេសអាមេរិក មានបំណង «ជម្រុញសន្តិសុខ វិបុលភាព និងការពារផលប្រយោជន៍នៃប្រជាពលរដ្ឋអាមេរិក ទូទាំងសកលលោក»។
ដោយឡែកសេចក្តីព្រៀងទាក់ទង នឹងបេសកកម្មរបស់សហរដ្ឋអាមេរិកគឺ «ដឹកនាំគោលនយោបាយការបរទេសអាមេរិក តាមរយៈការជួយឧបត្ថម្ភដល់ពិភពលោក ដើម្បីរក្សាសុវត្ថិភាព និងផ្តល់ភាពចម្រុងចម្រើនដល់ពិភពលោកទាំងមូល»។ ចំពោះសេចក្តីព្រៀងស្តីពីមហិច្ឆិតារបស់អាមេរិកគឺ «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាមេរិក ទទួលបានសន្តិភាព និងអាចទំនាក់ទំនងទៅកាន់ពិភពលោកដោយសេរី រឹងមាំ និងប្រកបដោយវិបុលភាព។
«សេចក្តីថ្លែងការណ៍ពាក់ព័ន្ធបេសកកម្មរបស់ក្រសួងការបរទេសអាមេរិកពិតជាមានសារៈសំខាន់ជាខ្លាំង ដោយវាជាការបង្ហាញអំពីចំណុចអាទិភាព និងបំណងរបស់ អាមេរិកចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងពិភពលោក» នេះជាការលើកឡើងរបស់លោក Abrams ដែលត្រូវបានលោក Tillerson តែងតាំងជាអនុរដ្ឋមន្ត្រី ការបរទេស ប៉ុន្តែត្រូវបានលោក Donald Trump បដិសេធ។ លោក Abrams បានសង្កត់ធ្ងន់ថា «ការផ្លាស់ប្តូរនេះ អាចក្លាយជាកំហុសដ៏ធ្ងន់ធ្ងរដែលទាមទារ ជាចាំបាច់នូវភាពច្បាស់លាស់ត្រឹមត្រូវ ប្រសិនបើមិនដូចច្នោះទេ សារនេះប្រៀបបានជាការផ្តល់ដំណឹងដ៏ល្អបំផុត សម្រាប់មេដឹកនាំផ្តាច់ការផ្សេងៗលើពិភពលោក»៕