(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក បានត្អូញត្អែរថាទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយប្រទេសរុស្ស៊ី បានធ្លាក់ចុះក្នុងកម្រិតដ៏ទាប និងគ្រោះថ្នាក់បំផុតមិនធ្លាប់ជួបប្រទះឡើយ និងបានបន្ទោសស្ថានការណ៍នេះទៅលើសភា បន្ទាប់ពីរូបលោកបានចុះហត្ថលេខា លើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូទាំងទើសទាល់កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុន សភាអាមេរិក បានអនុម័តគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលប្រការនេះបានបន្សល់ទុកជម្រើសឲ្យលោក ដូណាល់ ត្រាំ តិចតួចបំផុត ក្រៅតែពីសុខចិត្តចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ ទោះបីជារូបលោក ធ្លាប់បានបង្ហាញពីឆន្ទៈដ៏យូរអង្វែងណាស់មកហើយរបស់លោក ក្នុងការបង្កើតទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ីយ៉ាងណាក្តី។
យ៉ាងណាមិញទោះ លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មនេះក៏ដោយ លោកបានរិះគន់វាយ៉ាងខ្លាំង។ លោកប្រធានាធិបតីអាមេរិក បានត្អូញត្អែរអំពីវិធានការនៅក្នុងនោះ ដែលអនុញ្ញាតឲ្យសភារារាំងរូបលោក មិនឲ្យបន្ធូរបន្ថយទណ្ឌកម្មពីរុស្ស៊ី ប្រៀបដូចជាការដាក់កំហិតទៅលើអំណាចរបស់លោក ក្នុងការកែសម្រួលគោលនយោបាយការបរទេស។ នាថ្ងៃព្រហស្បតិ៍នេះថែមទៀត លោក ត្រាំ បានបង្ហោះសារលើ Twitter ថា «ទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពដ៏ដុនដាបនិងគ្រោះថ្នាក់បំផុត មិនធ្លាប់មានពីមុនមកនោះឡើយ ដោយអ្វីទាំងអស់នេះ គឺគួរតែអរគុណដល់អង្គសភា ជាក្រុមតែមួយ ដែលមិនអាចផ្តល់ឲ្យយើងនូវច្បាប់ធានារ៉ាប់រងសុខភាពថ្មីបាន»។
សូមជ្រាបថា សភាអាមេរិកបានអនុម័តការដាក់ទណ្ឌកម្មថ្មីនេះ ដើម្បីដាក់ពិន័យទៅលើប្រទេសរុស្ស៊ី ជុំវិញការលូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងការដណ្តើមយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ជាការឆ្លើតតប រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានលើកឡើងថាវាគឺជាការធ្វើសង្រ្គាមពាណិជ្ជដ៏ធំមួយដើម្បីដណ្តើមទីផ្សារឧស្ម័នពីរុស្ស៊ី និងជាទីបញ្ចប់ចំពោះក្តីសង្ឃឹម សម្រាប់ការចង់កសាងទំនាក់ទំនង ឲ្យបានល្អប្រសើរជាងមុន ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ៕