(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែសីហានេះ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងផលិតកម្មកសិកម្ម តាមកិច្ចសន្យាបែបទំនើប» រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនសោម៉ាគ្រុបខូអិលធីឌី តំណាងដោយលោក សុខ ពុទ្ធិវុធ។
អនុស្សរណៈនេះ មានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្ម តាមកិច្ចសន្យាបែបទំនើប ស្របតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីផលិតកម្មកសិកម្ម តាមកិច្ចសន្យា និងសារាចរណែនាំលេខ១៩៦ ស្តីពីគោលការណ៍ណែនាំ ក្នុងការអនុវត្តផលិតកម្មក សិកម្មតាមកិច្ចសន្យា។
លោក សុខ ពុទ្ធិវុធ បានលើកឡើងថា ជារួមគម្រោងនេះ សង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យា ក្រោយពេលប្រមូលផល ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារ ការកៀងគរជំនួយថវិកា ដើម្បីជួយដល់ប្រជាកសិករ។ល។
លោក សុខ ពុទ្ធិវុធ សូមថ្លែងអំណរគុណយ៉ាងអនេក ជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានគាំទ្រ គម្រោងនេះតាំងពីដើមដល់ចប់ រហូតឈានដល់សម្រេច បានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។
លោករដ្ឋមន្រ្តីកសិកម្ម សូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងការនេះ ព្រោះជាឱកាសដ៏ល្អ ដែលក្រុមហ៊ុនបោះទុនវិនិយោគចំពេល ដែលវិស័យកសិកម្មបាន និងកំពុងត្រូវការបច្ចេកវិទ្យា ដើម្បីពង្រីកសក្តានុពល លើគ្រប់អនុវិស័យឈាន ទៅសម្រេចឲ្យខាងតែបាន នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយប្រទេសមួយនេះ ទៅជាប្រទេសមានចំណូល មធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះ គឺជាជោគជ័យមួយរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះនាពេលអនាគតក្រុមហ៊ុន អាចផលិតផលិតផលកសិកម្ម ដែលមានគុណភាព សុវត្ថិភាព និងធ្វើការនាំចេញទៅ កាន់ទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ផងដែរថា ការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជី និងថ្នាំកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ទាមទារនូវធនធានមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឲ្យ បានសមស្របទៅតាមស្ថានភាពដី គុណភាពដីស្រែលទ្ធភាព និងសមត្ថភាពរបស់ប្រជាកសិករ ក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរការ ធ្វើកសិកម្មតាមទំលាប់បូរាណ មកជាការធ្វើកសិកម្មទំនើបវិញ។
លោករដ្ឋមន្ត្រីបន្តថា «យើងសង្ឃឹមថា តាមរយៈនៃការធ្វើទំនើបកម្មនេះ ប្រាកដជាទទួលបានទិន្នផលខ្ពស់ ឈានទៅធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងធ្វើការនាំចេញ ស្របតាមទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាក់ស្រុក»៕