(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ បានចុះងូតទឹក ហើយហែលលេងទៅកន្លែងទឹកជ្រៅន ឆ្នេរអូរឈើទាល បណ្តាលឲ្យលង់ទឹក ហើយលើកដៃហៅឲ្យគេជួយបន្ទាប់មកជនរងគ្រោះ ក៏លិចបាត់ទៅក្នុងទឹក។
លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ បានឲ្យដឹងថា ករណីលង់ទឹកនេះ បានកើតមានឡើងនៅម៉ោងប្រហែល៦ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចអាហារដ្ឋានឆ្នេរធម្មជាតិអូរឈើទាល ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនរងគ្រោះ ឈ្មោះ ឈិន ជិនហ៊រ អាយុ៣៦ឆ្នាំ។
ក្រោយកើតហេតុភ្លាម ជនរងគ្រោះត្រូវបានគេនាំគ្នាចុះទៅជួយរាវ និងស្រង់យកមកសង្គ្រោះបឋមនៅលើគោកក្បែរមាត់ឆ្នេរសមុទ្រ ប៉ុន្ដែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរនោះ សមត្ថកិច្ចបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតទៅហើយ។
បើតាមលោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា កម្លាំងសមត្ថកិច្ចបានធ្វើការណែនាំដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវទៅលេងនៅតំបន់ដែលមានជ្រៅនោះ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ប៉ុន្ដែជនរងគ្រោះរូបនេះមិនស្ដាប់តាមការណែនាំរបស់សមត្ថកិច្ច ទើបមានហេតុការណ៍បែបនេះតែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ រក្សាក្នុងសាលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំបងប្អូនមកទទួលយកទៅស្រុកកំណើតវិញ៕