(ព្រះវិហារ)៖ អំណោយសង្រ្គោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ត្រូវបានយកទៅចែកជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា រយៈពេលប៉ុន្មានថ្ងៃដែលខេត្តព្រះវិហារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង នាំឲ្យប៉ះពាល់ផលដំណាំ ប្រជាពលរដ្ឋជាង១០០០ហិកតា ប៉ះពាល់ពលរដ្ឋរងគ្រោះជាង១០០០គ្រួសារ ស្លាប់មនុស្ស៣នាក់ ហើយអ្វីដែលខូចខាតច្រើនជាងគេគឺផ្លូវថ្នល់។
លោកថា «អនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តរួម និងថ្នាក់ដឹកនាំជាច្រើនទៀត បានខិតខំប្រឹងប្រែង សង្រ្គោះប្រជាពលរដ្ឋ មិនឲ្យមានការគ្រោះថ្នាក់ដោយសារទឹកជំនន់ទេ ដោយយើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព។ ជាក់ស្តែងប្រជាពលរដ្ឋដែលទទួលបាន អំណោយកាកាបាទក្រហមកម្ពុជា នៅពេលនេះ គឺពួកគាត់ត្រូវបានអាជ្ញាធរជម្លៀសមកកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន»។
លោកអភិបាលបានបន្តថា «ទោះយើងបានរងគ្រោះនៅពេលនេះ ដោយទឹកជំនន់ក៏ដោយក៏មិនទាន់មានសភាពធ្ងន់ធ្ងរនោះទេ ព្រោះរៀងរាល់ឆ្នាំ ទាល់តែរដូវបុណ្យភ្ជុំបិណ្ឌ បានមានទឹកជំនន់ តែបុណ្យភ្ជុំបិណ្ឌនៅពេលឆ្ងាយទៀត ដូច្នេះយើងត្រូវប្រយ័ត្នខ្លាំងនៅពេលនោះ»។
នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនយើងទាំងអស់។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ពេលពលរដ្ឋរងគ្រោះ ឃើញមុខដ៏ដែលៗមកជួយ មិនដែលឃើញមុខអ្នកសន្យាមកជួយម្តងសោះ ដែលចំណុចនេះ លោកសូមឲ្យប្រជាពលរដ្ឋឈប់ជឿតាមការញុះញង់របស់គេ ដែលមកជួបបងប្អូន ពេលដែលគេត្រូវការសម្លេងឆ្នោតពីបងប្អូនតែប៉ុណ្ណោះ អ្នកដែលស្រឡាញ់បងប្អូនពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលតែងនៅជាប់ជានិច្ចរួមសុខរួមទុក្ខជាមួយបងប្អូន។
នាយឧត្តមសេនីយ៍ មាស សុភា បានក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ពេលទឹកស្រកចុះ ត្រូវខិតខំបង្កបង្កើនផល ដើម្បីលើកកម្ពស់កំរិតជីវភាពគ្រួសារ ហើយអំណោយពេលនេះទោះបីតិចតួចក្តី តែអាចដោះស្រាយការខ្វះខាតរបស់យើងបានមួយគ្រាៗដែរ៕