(កំពង់ធំ)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ​ លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងត្រៀមប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

ដំណើរចុះពិនិត្យទីតាំងខាងលើ ក៏មានការចូលរួមពីអភិបាលរង អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបញ្ជៀសការកកស្ទះចរាចរណ៍ រក្សាសុវត្តិភាព និងអនាម័យជូនភ្ញៀវទេសចរណ៍ ដែលចូលរួមក្នងកម្មវិធីនេះឲ្យមានភាពកក់ក្តៅ។

គណៈកម្មការរៀបចំពីធីបួងសួងសុំសេចក្តីសុខ នៅលើទីតាំងប្រារព្ធមានចំនួន៤ទី១៖ ចំណុចប្រាសាទជ្រៃ, ទី២៖ ប្រាសាទតោ, ទី៣៖ ប្រាសាទសំបូរ, ទី៤៖ ប្រាសាទយាយព័ន្ធ ដែលនឹងត្រូវបានប្រារព្វពីធីនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ និងឈានដល់ការប្រារព្វពិធីធំនៅព្រឹកថ្ងៃទី៧ ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំដឹកនាំរាជរដ្ឋាភិបាល។

មន្រ្តីសាលាខេត្តកំពង់ធំ បានថ្លែងថា ការចុះពិនិត្យទីតំាងនៅតំបន់ប្រាសាទសំបូរព្រៃគុក គឺដើម្បីត្រៀមរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ និងសូមអំពាវនាវជូនដំណឹងដល់ជនរួមជាតិ និងអន្តរជាតិ ឲ្យអញ្ជើញចូលរួមទស្សនាប្រាសាទបុរាណជាច្រើន ក្នុងនោះក៏មានការសំដែងសិល្បៈលេងល្បែងកំសាន្ត និងទស្សនាភូមិគួយជាដើម។

តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះជារាជធានីចាស់បុរាណឈ្មោះថា «ឥសានបុរៈ» ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ៕