(ភ្នំពេញ)៖ ក្រុមហ៊ុន «The Elite Asia Advertising» បានបញ្ចេញគម្រោងទី១ របស់ខ្លួន ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រគំតន្ត្រីមូលនិធិ ទ្រទ្រង់សិល្បករចាស់ជរា និងទុរគតជន ដែលចាប់ផ្តើមចេញ នៅខែកញ្ញា ខាងមុខនេះ រហូតដល់ទៅ១០ ខេត្ត-ក្រុង ដោយចំណូលដែលចំណេញ ពីការប្រគំតន្ត្រីមូលនិធិនេះ ចំនួន៦០% នឹងត្រូវផ្តល់ជូនទៅឲ្យសិល្បករចាស់ជរា ទុរគតជន ព្រមទាំងមន្ទីរពេទ្យ «គន្ធបុប្ផា»។
លោក សុខ សន្យា ប្រធានគម្រោងកម្មវិធី បានថ្លែងឲ្យដឹងថា ដោយមានការគាំទ្រ ពីសំណាក់ដៃគូសហការមួយចំនួន លោកបានសម្រេចិត្ត ប្រមែប្រមូល សិល្បករ-សិល្បការិនីល្បីៗជាច្រើន មានដូចជា តារាសម្ដែង តារាចម្រៀង តារាកំប្លែង និងក្រុមកំប្លែង ជាដើម ដើម្បីរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ តាមខេត្តក្រុងផ្សេងៗ ស្វែងរកមូលនិធិ ដើម្បីជួយដល់សិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព ជនចាស់ជរា ក្មេងកំព្រា និងដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងតែទទួលរងនូវការខ្វះខាត។
លោកបន្តថា កម្មវិធីប្រគំតន្រ្តីទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើង ចំនួន១០ទីតាំងផ្សេងៗគ្នា តាមបណ្ដាខេត្តក្រុងនានា ដោយចាប់ផ្ដើម នៅដើមខែកញ្ញាខាងមុខនេះ ក្នុងនោះមួយទីតាំង យើងធ្វើការប្រគំចំនួន២យប់ មានតារាចម្រៀងល្បីៗ តារាកំប្លែង ពិធីក-ពិធីការិនី នឹងឈុតឆាកពិសេសៗ ជាច្រើនទៀត ដើម្បីឲ្យអ្នកទស្សនា កម្សាន្តសប្បាយ ប្លែកអារម្មណ៍។
លោកបន្ថែមជាចុងក្រោយថា ថវិកាដែលបានមកពីការប្រគំតន្រ្តីទាំងនេះ នឹងត្រូវផ្តល់ជូនដល់សប្បុរសជន និងមន្ទីរពេទ្យគន្ធបុប្ផា ដោយម្ចាស់ស្ពន់ស័រផ្ទាល់ ដោយលោកអ្នកអាច ទំនាក់ទំនងបរិច្ចាគថវិកា តាមរយៈលេខទូរស័ព្ទ ០៧០ ៥៥០ ៦៧០ / ០៩៥ ៤៨៨ ៥៨៥៕