(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមកពីស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ក្នុងនោះ២៥គ្រួសារ ជាគ្រួសារយោធិន និង២៥គ្រួសារទៀត ជាប្រជាពលរដ្ឋ ត្រូវជម្លៀសចេញពីទីកន្លែងដែលលិចលង់។
លោក សុខ លូ បានលើកឡើងថា សម្រាប់គ្រោះធម្មជាតិមួយនេះ កើតឡើងជារៀងរាល់ឆ្នាំ ធ្វើឲ្យលិចលង់ភូមិដ្ឋាន និងតំបន់មួយចំនួនដែលបងប្អូនកំពុងរស់នៅ នៅពេលទឹកឡើងខ្លាំង។
លោកអភិបាលខេត្ត បានប្រាប់ទៅអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យតាមដានជាប្រចាំ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្ត ក្នុងការត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ ហើយសមាជិកទាំងអស់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះមហន្តរាយធម្មជាតិ ហើយបងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព។
បន្ថែមពីនេះលោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។
សម្ភារដែលត្រូវចែកជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ឃីត១កញ្ចប់ ដោយឡែកចំពោះអ្នកដែលលិចលង់ ទទួលបន្ថែមមាន ធុងចំរោះរូបទន្សាយ១ ធុងសម្រាប់ដាក់ទឹងចំណុះ ៨០លីត្រ និងតង់១ផងដែរ៕