(ភ្នំពេញ)៖ ដោយមានសំណូមពរពីប្រជាពលរដ្ឋ រស់នៅសង្កាត់ក្រាំងធ្នង់ ក្នុងភូមិវិមានទ្រង់ និងភូមិព្រៃមូល ចំពោះគំរោងពង្រីកផ្លូវបន្ថែមទទឹងទំហ២០ម៉ែត្រ ដែលជាក្តីរំពឹងរបស់ពួកគាត់ កំពុងរងចាំថា នឹងមានថ្ងៃនេះឥឡូវ គំរោងស្ថាបនាផ្លូវទាំង០២ខ្សែរ ពេលនេះពិតជាបានមកដល់ដូចការស្នើរសុំ។
នៅពេលចុះពិនិត្យស្ថានភាពមុន ពេលផ្លូវត្រូវចាប់ផ្តើមពង្រីកនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា គំរោងនេះនៅពេលដំណើរការ លោកអំពាវនាវដល់បងប្អូនចូលរួមសហការ បង្កលក្ខណៈងាយស្រូល ដល់ក្រុមការងារ ប្រសិនបើមានការប៉ះពាល់ទាក់ទងនឹងបញ្ហាបច្ចេកទេស។
លោកអភិបាលខណ្ឌ បន្ថែមថា ការចំណាយទឹកប្រាក់លើគំរោងជាថវិការបស់ សាលាខណ្ឌសែនសុខ ហើយក៏ស្វាគមន៍ដែរ ប្រសិនបើមានសប្បុរសជនចូលរួម ហើយគម្រោងបឋម គឺស្ថាបនាផ្លូវ០២ខ្សែ ចម្ងាយផ្លូវ៣៥០ម៉ែត្រ ទំហំទទឹង២០ម៉ែត្រ ជាប្រភេទបេតុង លាតសន្ធឹងពីផ្លូវ១៩៦២ ភូមិវិមានទ្រង់ ឆ្ពោះទៅជើង ដល់ភូមិព្រៃមូល។
ពេលក្រុមការងារដឹកនាំ ដោយលោក ប៉ិល កុសល កំពុងដំណើរការវាស់វែង បាញ់គំនូសកំណត់ចំណុចកណ្តាលផ្លូវ និងទំហំត្រូវពង្រីក ម្ខាង២០ម៉ែត្រ ត្រូវបានពលរដ្ឋដែលមានលំនៅស្ថាន នៅតាមដងផ្លូវចេញមកស្វាគមន៍អបអរ ហើយស្ទើរគ្រប់ៗគ្នា និយាយដូចគ្នាថា ផ្លូវកាន់តែធំ គឺកាន់តែប្រសើរ ពួកគាត់សហការក្នុងការសម្របសម្រួល នៅពេលដំណើរការពង្រីកផ្លូវចាប់ផ្តើម។
អភិបាលខណ្ឌសែនសុខ បន្ថែមថា ថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះពីមុន ព្រោះថាតំបន់នេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំង ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ផ្លូវដែលមានក្នុងប្លង់ អិលម៉ាប ត្រូវបានកសាងស្ថាបនាជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ហើយការងារនេះបាននឹងកំពុងអនុវត្តជាប្រចាំ ហើយកត្តាសំខាន់ គឺទាំងអស់គ្នា ត្រូវមានភារកិច្ចចូលរួមរក្សាការពារសមិទ្ធិផលកំពុងមានស្រាប់៕