(ប៉ៃលិន)៖ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយភ្លាមៗ ដោយបដិសេធ ចំពោះការផ្សព្វផ្សាយថា មានករណីចាប់ក្មេងនៅស្រុកសាលាក្រៅ។

តុលាការអះអាងថា ក្រោយពេលស្រាវជ្រាវ មិនមានករណីនោះកើតឡើងនោះទេ ដោយគ្រាន់តែជាពាក្យចចាមអារាម និងភាន់ច្រឡំតែប៉ុណ្ណោះ។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បំភ្លឺយ៉ាងដូ​​ច្នេះថា «កាលពីវេលាម៉ោងប្រមាណ ០៩៖០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានព័ត៌មានថា មានករណីចាប់កូនក្មេង​ នៅ​ចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ​ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្មេងសង្ស័យរងគ្រោះឈ្មោះ ​អ៊ុយ ស្រីលីវ ភេទស្រី អាយុ​០៦ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី គឹមអ៊ុយ អាយុ​៥៤ឆ្នាំ​ និងម្តាយឈ្មោះ ទ្រី យឿន អាយុ​៤០ឆ្នាំ មានទីលំនៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។ នគរ​បាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់​ និងអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងជំនាញ​សន្តិសុខ​ និងជំនាញប្រឆាំងភេរវៈកម្ម​ នៃស្នងការដ្ឋាន​នគរបាលខេត្ត​ប៉ៃលិន បានធ្វើការស្រាវជ្រាវ និងឲ្យដឹងថា ក្មេងស្រីខាងលើបាន​ចេញពី​សា​លា​រួចដើរតាមផ្លូវត្រលប់មកផ្ទះវិញ ​ពេលនោះមាន​បុរសមិនស្គាល់មុខ​ម្នាក់ ពាក់អាវពណ៌ខ្មៅ ខោស​ បាន​ដើរតាមពីខាងក្រោយ ក្មេងនោះភ័យ​ក៏បានរត់ចូល​ផ្ទះប្រជាពលរដ្ឋ ​នៅក្បែរនោះ​ទើប​មានការឆោឡោ ថាមានករណី​ចាប់ក្មេងតែម្តង ទើបបណ្តាលឲ្យផ្អើលដល់ប្រជាពរដ្ឋ ឪពុកម្តាយ និងម៉ូតូឌុបជាច្រើន តាមរកមុខ​មនុស្សដែលដើរ​ពីក្រោយនោះ តែរកមិនឃើញ​នោះទេ​។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ហេតុការណ៍ចាប់ក្មេងខាងលើ ពុំមានកើតឡើងដូចពាក្យចចាមអារាមនោះទេ»។

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់តុលាការ៖