(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានពន្យល់ប្រាប់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ឲ្យបានយល់ច្បាស់ពីនីតិវិធី និងដំណាក់ការនៃការធ្វើសំណុំឯកសារស្របច្បាប់ ដើម្បីរស់នៅ និងធ្វើការងារនៅទីនោះ ប្រកបដោយភាពស្របច្បាប់ត្រឹមត្រូវ។
នៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖
ដំណាក់កាលទី១៖ ប្រសិនបងប្អូនពលករកំពុងធ្វើការនៅប្រទេសថៃ ប៉ុន្តែមិនទាន់មានឯកសារស្របច្បាប់ ឬធ្លាប់ស្របច្បាប់ ប៉ុន្តែបានផ្លាស់ប្តូរថៅកែខុសនីតិវិធីក្លាយ ទៅជាពលករខុសច្បាប់នោះ សូមបងប្អូនមេត្តារួសរ៉ាន់ពន្យល់ថៅកែរបស់ខ្លួនឲ្យទៅចុះឈ្មោះយើងនៅការិយាល័យ ស្រង់ទិន្នន័យពលករបរទេស របស់ក្រសួងការងារថៃ ទាំង៩៧ការិយាល័យ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្អែក រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ជាបន្ទាន់។
ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា បើពលករមិនព្រម ឬមិនបានទៅប្រកាសប្រាប់ក្រសួងការងារថៃទេ នោះថៅកែរបស់គាត់នឹងរងនូវការផាកពិន័យយ៉ាងធ្ងន់ ពីក្រសួងការងារថៃ។
ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជារយៈពេលដែលពលករខ្មែរ ត្រូវបង្ហាញខ្លួននៅការិយាល័យ ទាំង៩៧កន្លែងនោះម្តង។
ដំណាក់កាលទី៣៖ ក្រោយថ្ងៃ០៩ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គឺជាពេលវេលាដែលពលករត្រូវស្នាក់នៅ និងរង់ចាំធ្វើការបញ្ជាក់អត្តសញ្ញាណ ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ ក៏ដូចជាស្នើសុំ Stay Permit និង Work Permit ពីមន្ត្រីអន្តោប្រវេសន៍ថៃ និងក្រសួងការងារថៃ។
លោកថា នេះគឺជាការសម្រួលរបស់ភាគីថៃ តាមសំណើរបស់ភាគីកម្ពុជា និងរបស់និយោជកថៃ។ លោកបានអំពាវនាវសូមឲ្យពលករកម្ពុជា កុំឱ្យឱកាសនេះរំលងហួសឲ្យសោះ ការក្លាយខ្លួនទៅជាពលករស្របច្បាប់នឹងទទួលបានអត្ថប្រយោជន៍ ច្រើនជួយដល់គ្រួសារ ដែលទន្ទឹមរង់ចាំនៅមាតុភូមិកម្ពុជាឯណេះ។
សូមជម្រាបថា ពលករខ្មែរនៅប្រទេសថៃមានចំនួន ១,០៥០,០០០នាក់ ក្នុងនោះពលករខ្មែរដែលមិនទាន់ទទួលបានសិទ្ធិស្របច្បាប់មានចំនួន ៣០០,០០០នាក់៕