(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ខែកក្កដានេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសបារំាងថា ក្នុងឱកាសដែលលោក បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ គឺកម្ពុជាទទួលបានការលើកសរសើរ ពីលោក Michel sidibe នាយកប្រត្តិបត្តិ អង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ពីភាពជោគជ័យនៃការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក។
រដ្ឋមន្ដ្រីបានថ្លែងទៀតថា ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តន៍ជាសកល ក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោកក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអនុវត្តបានសម្រេចនូវទិសដៅ ៩០-៩០-៩០ ដោយជោគជ័យ ដោយសារមានការបេជ្តាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានផែនការយុទ្ធសាស្រ្តប្រត្តិបត្តិត្រឹមត្រូវ ច្បាស់លាស់ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ផងដែរ។
វេទិកានេះដែរ មានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីសុខាភិបាល ប្រទេសបូស្វាណា ប៉ាណាម៉ា លីសូតូ, នាយកប្រត្តិបត្តិអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ លោក Michel sidibe, អនុប្រធានសភាប្រទេសលុចសំបួរ នាយកប្រត្តិបត្តិនៃអង្គការ មូលនិធិសកល និង PEPFAR និងលោកសាស្រ្តាចារ្យ Jean François Delfraissy នាយកគណកម្មការក្រមសីលធម៌ សម្រាប់វិទ្យាសាស្ត្រជីវិត និងសុខភាព នៃប្រទេសបារាំង ព្រមទាំងអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត អ្នកធ្វើគោលនយោបាយ និងតំណាងសហគមន៍អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៏ នៅក្នុងពិភាពលោកចំនួនជាង២០០នាក់។
គួររម្លឹកថា ទិសដៅ ៩០-៩០-៩០ ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានកំណត់ភាគរយ តាមដំណាក់កាល ៣ចំណុច រួមមាន៖
ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។
ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។
ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕