(កំពង់ធំ)៖ ការិយាល័យបង្ការពន្លត់អគ្គីភ័យ ដែលជាអង្គភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ ដែលសាងសង់ផ្ទះ និងសំណង់នានា ចាំបាច់ត្រូវគិតគូរពីបញ្ហាបង្ការគ្រោះអគ្គីភ័យ ដើម្បីជៀងវាងភ័យអន្តរាយដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកដទៃ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយវិទ្យាស្ថាន CUS សាខាខេត្តកំពង់ធំ ចុះផ្សព្វផ្សាយពីរបៀបបង្ការ ពន្លត់អគ្គីភ័យ ព្រមទាំងធ្វើបទបង្ហាញដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ដែលបានសិក្សានៅវិទ្យាស្ថាន CUS ចំនួន ១,០០០នាក់ ក្រោមវត្តមានលោកវរសេនីយ៍ទោ ហាយ គឹមហ៊ុន នាយរងការិយាល័យបង្ការ ពន្លត់អគ្គីភ័យ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ ហាយ គឹមហ៊ុន បានលើកឡើងថា អគ្គីភ័យ គឺជាគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លេចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ននោះ ដូច្នេះវាទាមទារឲ្យប្រជាពលរដ្ឋត្រូវតែចូលរួមបង្ការទប់ស្កាត់អគ្គីភ័យឲ្យបានគ្រប់គ្នា ជាពិសេសអង្គភាពជំនាញត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន ត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ ដោយមានឧបករណ៍ សម្ភារចំាបាច់មួយចំនួន។
លោកមានការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ នាពេលកន្លងមក និងអរគុណចំពោះមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យទូទាំងខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទោះជាត្រូវប្រឈមនឹងឧបសគ្គគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកគាត់បានពុះពារពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្តថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានគិតគូរជាប្រចាំចំពោះកិច្ចការបង្ការ និងពន្លត់អគ្គីភ័យ និងបានដាក់ចេញនូវវិធានការជាច្រើនទាក់ទងនឹងការអប់រំយល់ដឹងច្បាប់ និងគ្រោះមហន្តរាយបណ្តាលមកពីអគ្គីភ័យ ការពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងការបំពាក់ឧបករណ៍ មធ្យោបាយ សម្ភារពន្លត់អគ្គីភ័យ។
ក្រៅពីនេះ រាជរដ្ឋាភិបាលបានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គីភ័យនៅមូលដ្ឋាន ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងសំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះ។ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវមានបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ។
លោកវរសេនីយ៍ទោ ហាយ គឹមហ៊ុន ក៏បានសំណូមពរដល់សាធារណៈទាំងអស់ ត្រូវគោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងគិតគរពីបញ្ហាប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសារធាតុងាយឆេះ ជាដើម៕