(ភ្នំពេញ)៖ មកដល់ពេលបច្ចុប្បន្ននេះ មរណភាពរបស់លោកបណ្ឌិត កែម ឡី មានរយៈពេលជាងមួយឆ្នាំមកហើយ ហើយដំណើរការសាងសង់ចេតិយ របស់លោកមិនទាន់លេចចេញជារូបរាងអ្វីឡើយ ជាហេតុនាំឲ្យមានការងឿងឆ្ងល់ជាខ្លាំងថា តើថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទទួលបានពីសប្បុរសជនទៅណាអស់ ទើបបានជាមិនយកទៅសាងសង់ចេតិយ ទុកឲ្យសពនៅកណ្តាលវាលបែបនេះ?
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ថវិកាដែលទទួលបានពីការរៀបចំបុណ្យសពរបស់លោក កែម ឡី កាលពីនៅវត្តចាស់ក្នុងរាជធានីភ្នំពេញ ក៏ដូចជាថវិកានៅក្នុងមូលនិធិរបស់លោក កែម ឡី គឺក្រុមគ្រួសារមិនដែលបានទទួលនោះឡើយ។
គេនៅចាំបានថា កាលពីពេលលោកបណ្ឌិត កែម ឡី ទទួលមរណភាពភ្លាមៗ មានគណៈកម្មការបុណ្យសពមួយត្រូវបានបង្កើតឡើង មានសមាសភាពជាច្រើនរូបរួមមាន៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ាង ងួនទៀត លោក ជាង សុខា លោក អ៉ី សារ៉ុម លោក ទឹម ម៉ាឡៃជាដើម ដើម្បីរៀបចំចាត់ចែងបុណ្យសពរបស់លោក កែម ឡី។ ក្រុមគណៈកម្មការបុណ្យសពនេះ ក៏បានរៀបចំចាត់ចែងបង្កើតមូលនិធិ បង្កើតកុងធនាគារ ដើម្បីទទួលថវិកាចូលបុណ្យពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី។
តាមរយៈពិធីបុណ្យនោះ គេបានដឹងថា ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់លោក កែម ឡី ទាំងក្នុង និងក្រៅប្រទេសជាច្រើន បានចូលបុណ្យ ដែលតាមការប៉ាន់ប្រមាណគឺរាប់សិបម៉ឺនដុល្លារអាមេរិក អាចចូលខ្ទង់លានដុល្លារ។ មិនតែនៅក្នុងស្រុកនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏មានរៀបចំពិធីបុណ្យសពលោក កែម ឡី ហើយក៏ស្វែងរកថវិកាបានមិនតិចនោះឡើយ។
ក្រៅពីការរៀបចំចាត់ចែងបុណ្យសពហើយនោះ គណៈកម្មការបុណ្យសព ថែមទាំងបានប្រកាសអំពាវនាវស្វែងរកថវិកា ដើម្បីរៀបចំចាត់ចែងសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ថែមទៀតផង។ តាមរយៈការអំពាវនាវនោះ គឺមានសប្បុរសជនក្នុង និងក្រៅប្រទេសមិនតិចនោះទេ ដែលបានចូលរួមថវិកាសម្រាប់សាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី។
តាមរយៈបទសម្ភាសន៍តាមបណ្តាញព័ត៌មាននានា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានរៀបរាប់ពីគម្រោងយ៉ាងលំអិត ក្នុងសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ដោយមានផែនការរៀបចំជាស្រះទឹក ធ្វើសួនផ្កា និងរៀបចំធ្វើបណ្ណាល័យសម្រាប់តម្កល់ស្នាដៃ និងពាក្យពេចន៍របស់លោក កែម ឡី កាលពីគាត់នៅមានជីវិតផងដែរ។
ស្តាប់តាមការរៀបរាប់នោះ មហាជនសុទ្ធតែបានបង្ហាញការស្ញប់ស្ញែង ចំពោះកាយវិការប្រកបដោយសទ្ធាជ្រះថ្លានេះ ហើយក៏រំពឹងថា សពលោកបណ្ឌិត កែម ឡី នឹងទទួលបានចេតិយមួយដ៏សមរម្យសម្រាប់ជាការផ្តល់តម្លៃដល់សពរបស់លោក។
ផ្ទុយទៅវិញក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដំណើរការនៃការសាងសង់ចេតិយសម្រាប់សពលោកបណ្ឌិត កែម ឡី ដែលបញ្ចុះនៅគេហដ្ឋានរបស់លោកក្នុងភូមិអង្គតាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវនោះ មិនបានលេចចេញជារូបរាងនោះឡើយ គឺសាងសង់បានជើងក្រោមរបស់ចេតិយបន្តិចបន្តួចប៉ុណ្ណោះ។
លោក កែម រិទ្ធិសិទ្ធ បានអះអាងថា ភាពយឺតយ៉ាងនៃការសាងសង់ចេតិយ ជូនសពបងប្រុសរបស់លោកនេះ ដោយសារតែការខ្វះខាតថវិកា។ លោក កែម រិទ្ធិសិទ្ធ ក៏បានបញ្ជាក់ដែរថា ថវិកាបានពីបុណ្យសពទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាមូលនិធិ ដែលគ្រប់គ្រង់ដោយ គណៈកម្មការបុណ្យសពនោះ គឺរូបលោក ទាំងម្តាយ មិនបានទទួលឡើយ សូម្បីតែមួយរៀល។
លោក កែម រិទ្ធិសិទ្ធ បានអះអាងយ៉ាងដូច្នេះ «ចំពោះគណៈកម្មការពីមុន បានប្រមូលលុយ ប្រមូលកាក់ ឬមួយក៏ប្រមូលបច្ច័យហ្នឹង គឺខាងខ្ញុំអត់បានទទួលទេ។ អត់មានបញ្ជាក់ពីមូលហេតុ អត់មានបានថវិកាសម្រាប់ដំណើការសាងសង់ចេតិយទេ»។
បើតាមលោក កែម រិទ្ធិសិទ្ធ បានបន្តថា មិនត្រឹមតែមិនឃើញមានប្រគល់ថវិកាសម្រាប់សាងសង់ចេតិយនោះទេ សមាជិកគណៈកម្មការចាស់នោះ ក៏បានប្រកាសរំសាយផងដែរ។ បើទោះបីគណៈកម្មការនេះ ប្រកាសរំសាយយ៉ាងណាក្តី តែគេក៏នៅតែសង្កេតឃើញថា នៅក្នុងពិធីបុណ្យ ១០០ថ្ងៃ និងខួបមួយឆ្នាំ មានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស តែបានប្រកាសរៀបចំបុណ្យគម្រប់ខួបជូនសពលោកបណ្ឌិត កែម ឡី តែថវិកាបុណ្យសពនោះ ក៏មិនបានទៅដល់ក្រុមគ្រួសារ និងម្តាយរបស់លោក កែម ឡី នោះឡើយ។
ព្រោះតែឃើញថាគណៈកម្មការចាស់មិនដំណើរការទៅមុខ លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុស និងម្តាយ គឺលោកស្រី ភោគ សេ រួមហ្នឹងសាច់ញាតិមួយចំនួនទៀត បានមូលមតិបង្កើតគណៈកម្មការថ្មីមួយ ដើម្បីរៀបចំចាត់ចែងធ្វើចេតិយជូនលោកបណ្ឌិត កែម ឡី។ បើទោះបីជាយ៉ាងគណៈកម្មការថ្មីហាក់មិនមានលទ្ធភាពស្វែងរកថវិកាពីសម្បុរសជនឲ្យបានគ្រប់គ្រាន់សម្រាប់ធ្វើចេតិយនោះឡើយ គឺការចូលរួមពីសប្បុរសជនមានចំនួនតិចតួចមិនមានសកម្មភាពផុលផុស ដូចពេលបុណ្យលើកដំបូងនោះឡើយ។
មរណភាពរបស់លោក កែម ឡី ក្រៅពីមន្រ្តីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋធម្មតាទូទៅ គេក៏ឃើញមានគណបក្សនយោបាយ ជាពិសេសគឺគណបក្សសង្រ្គោះជាតិ គឺបានចេញកាងរៀបចំចាត់ចែងបុណ្យសពជំនួសក្រុមគ្រួសារតាំងពីលើកដំបូងមកម្ល៉េះ។ តាមរយៈកាយ វិការ និងសកម្មភាពដ៏សស្រាក់សស្រាំនោះ មានការរំពឹងថា នឹងមានការចូលរួមពីគណបក្សប្រឆាំងមួយនេះ ដើម្បីសាងសង់ចេតិយជូនសពលោក កែម ឡី ឲ្យបានសមរម្យជាបុគ្គលដែលពួកគេនិយាយថាគោរព និងស្រឡាញ់មិនដាច់ពីមាត់នោះ។
តែផ្ទុយទៅវិញ គណបក្សនយោបាយមួយនេះ ក៏មិនបានជួយចាត់ចែង ឬ ចេញថវិកាជាដុំកំភួនសម្រាប់សាងសង់ចេតិយនេះដែរ ពោលការគោរព និងការស្រឡាញ់ប្រហែលមានតែលើបបូរមាត់តែប៉ុណ្ណោះ តែការស្រឡាញ់ចេញពីបេះដូងប្រហែលជាមិនមាននោះទេ។
លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ថា សម្រាប់គណបក្សនយោបាយ គឺបានតែចូលរួមបុណ្យជាធម្មតាដូចប្រជាពលរដ្ឋទូទៅ ហើយក៏មិនបាន ធានាអះអាងជួយសាងសង់ចេតិយសម្រាប់បងប្រុសរបស់លោកនោះឡើយ។
ប្អូនប្រុសរបស់លោក កែម ឡី បានបញ្ជាក់ថា «ចំពោះគណបក្សនយោបាយ គឺយើងឃើញមានច្រើន ប៉ុន្តែគាត់មកចូលបុណ្យ ចូលអីជាធម្មតា យើងមានធុងសម្រាប់ការសាងសង់ហ្នឹង។ ការចូលការអីហ្នឹងយើងអត់បានពិនិត្យ អត់បានមើលចំនួនទឹកប្រាក់»។
ព្រោះតែដំណើរការរកថវិកាសាងសង់ចេតិយមិនសូវជាមានដំណើរការទៅមុខ និងមិនអាចទ្រាំឃើញបងប្រុសរបស់ខ្លួន មិនមានចេតិយឲ្យបានសមរម្យនោះ លោក កែម រិទ្ធិសិទ្ធ និងសមាជិកគណៈកម្មការថ្មី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានចេញមុខដោយផ្ទាល់ប្រកាស ស្វែងរកថវិកាពីសប្បុរសជន ដើម្បីសាងសង់ចេតិយជូនបងប្រុស។
ក្រោយការប្រកាសប្រហែលជា ១ម៉ោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាជនលោក កែម ឡី ត្រូវចូលជួបមុនពេលទទួលមរណភាព តែប៉ុន្មានថ្ងៃនោះ បានចេញមុខឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាការជួយជ្រោមជ្រែងលើកទីពីរហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបច្ច័យ ១ម៉ឺនដុល្លារសម្រាប់បុណ្យគម្រប់ខួបមួយឆ្នាំនៃ មរណភាពរបស់លោក កែម ឡី ដើម្បីក្រុមគ្រួសារយកទៅចាត់ចែងថ្លៃបបរ និងការចំណាយផ្សេងៗ ដែលនៅជំពាក់គេ។
លោក កែម រិទ្ធិសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសណ្តោសប្រណៃរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា ថវិកាជាការឧបត្ថម្ភ របស់សម្តេចតេជោ ហ៊ុន សែន នឹងជួយឲ្យការសាងសង់ចេតិយជូនបងប្រុស របស់លោកលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមក្រុមការងារសាងសង់ចេតិយរបស់លោក កែម ឡី បានឲ្យដឹងថា ចេតិយរបស់លោក កែម ឡី មានជើងក្រោមទំហំ ៩ម៉ែត្រ ៤ជ្រុង និងមានកម្ពស់រហូតដល់ទៅ ១៦ម៉ែត្រ ព្រមទាំងមានការតុបតែងរចនាខុសពីបណ្តាចេតិយផ្សេងៗនៅក្នុងស្រុកខ្មែរថែមទៀតផង។ ចេតិយ គ្រោងចំណាយការសាងសង់ជាង ១៧ម៉ឺនដុល្លារអាមេរិក។ បច្ចុប្បន្នការសាងសង់ទើបសម្រេចបានតិចតួចប៉ុណ្ណោះ៕