(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយស្រង់បច្ចុប្បន្នភាពចប់សព្វគ្រប់ ក្នុងចន្លោះឆ្នាំ២០១៨ លោកនឹងចេញលិខិតបញ្ជាក់ជូនអាជីវករទាំងអស់ ដោយអនុញ្ញាតឲ្យលក់ដូរអស់មួយជីវិត តកូនតចៅ ហើយលិខិតបញ្ជាក់នេះ បងប្អូនអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើន សេដ្ឋកិច្ចគ្រួសារបាន។
បន្ថែមពីនោះ លោកនឹងរៀបចំប្រព័ន្ធអគ្គិសនីក្នុងផ្សារ បិទនិងបើកដោយស្វ័យប្រវត្តិ ក្នុងគោលបំណងដើម្បីបង្ការបាត់បង់ទ្រព្យសម្បត្តិ ជាញើសឈាមរបស់អាជីវករ ដែលខំរកទាំងដៃទទេ ក្រោយរបបប្រល័យពូជសាសន៍ ពល ពត។
លោក ម៉ៅ ធនិន បានបញ្ជាក់បែបនេះ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យគម្រោងសាងសង់ដំបូលផ្សារប៉ែកខាងមុខ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក ជាពិសេសត្រួតពិនិត្យលើគម្រោងសាងសង់ដំបូលផ្សារ បំពេញបន្ថែមប៉ែកខាងមុខ។ ជាក់ស្តែងកង្ហារ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទឹកពន្លត់អគ្គិភ័យ ដែលតម្លើងរួចរាល់ហើយនោះ គឺដើម្បីផាសុខភាព រក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ និងដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលមកផ្សារពោធិ៍សាត់យើង ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានប្រាប់ពីសមិទ្ធផលធំៗជាច្រើន ដែលបានធ្វើជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់លោក ជាពិសេសផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ ដែលទាំងនេះ បានកើតមានឡើង ដោយសារតែប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់ពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានជួយសាងសង់ផ្សារជាច្រើន ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ជាក់ស្តែងផ្សារខេត្តពោធិ៍សាត់នេះតែម្តង គឺជាផ្សាររបស់សម្តេច ហើយបងប្អូនអាចលក់ដូរអស់មួយជីវិត តកូនតចៅ និងអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចគ្រួសារបាន៕