(ភ្នំពេញ)៖ ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះវេលាម៉ោង៨៖៥០នាទី ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានព្រះញាតិវង្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីព្រះបរមរាជវាំងផងដែរ។
ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទៅកាន់ទីក្រុងប៉េកាំងនាពេលនេះ មិនទាន់មានការបញ្ជាក់អំពីពេលវេលាថា ព្រះអង្គនឹងយាងនិវត្តន៍មកកាន់កម្ពុជាវិញនាពេលណានោះទេ។ អំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរនេះ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ ត្រូវបានប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី ជាអ្នកចាត់ចែងជំនួស។
សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងបានយាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់នៅទីក្រុងប៉េកាំង ប្រទេសចិន តាមការកំណត់របស់ក្រុមគ្រូពេទ្យចិន។ រាល់ព្រះរាជដំណើររបស់ព្រះអង្គទៅកាន់ទីក្រុងប៉េកាំង តែងទទួលបានព្រះរាជបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលចិន៕