(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ញប់ស្ញែង និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពកុមារា គីមហុង ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យាទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកុមារា គីម ហុង ថាជាមនុស្សទេព ហើយនៅលើលោកនេះ ប្រហែលជាគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ។
តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយកុមារា គីម ហុង នាព្រឹកមិញនេះ សម្តេចបានសាកល្បងឲ្យកុមារារូបនេះ គណនារកចម្ងាយ និងទីតាំងកងទ័ពតាមរយៈប្រើផែនទី។ បន្ទាប់ពីការដាក់ចំណោទមិនបានប៉ុន្មាននាទីផងនោះ កុមារា គីម ហុង បានស្វែងរកឃើញពីទីតាំង និងគណនារកចម្ងាយនោះឃើញថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ចៅ គីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ»។
សម្តេចតេជោ បន្តថា «ចៅអាចធ្វើជំនួយការឲ្យមេបញ្ជាការយោធា ឬនាយសេនាធិការកងទ័ពគ្រប់កម្រិតក្នុងផ្នែកផែនទី។ ចៅអាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លី ដែលខ្ញុំមិននឹកស្មានដល់។ ព្រឹកមិញ ខ្ញុំបានប្រៀបខ្លួនខ្ញុំជាមេបញ្ជាការយោធានៅសមរភូមិមួយ ឯចៅ គីម ហុង ជាជំនួយសេនាធិការផ្នែកកលយុទ្ធ។ ខ្ញុំត្រូវការផ្តល់ជំនួយដោយកាំភ្លើងធំ និងកងជើងអាកាសទៅកាន់ទីតាំង១ ទើបប្រាប់ទៅចៅ គីម ហុង ឲ្យរកគោលដៅ និងចម្ងាយ។ គ្រាន់តែបែរមកនិយាយជាមួយឪពុកម្ដាយរបស់គីមហុងមិនបានប៉ុន្មានម៉ាត់ផងចៅបានរកឃើញរួចស្រេចទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កុមារា គីមហុង មានសមត្ថភាពច្រើនជាងសម្តេចលើការប្រើកុំព្យួទ័រ ហើយនេះជាការពិតមួយដែលសម្តេចត្រូវតែទទួលយក។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យកុមារា ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ និងឪពុក ម្ដាយ ក្រុមគ្រួសារ ព្រមទាំងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានសាកល្បងសមត្ថភាព គីមហុង លើការគណនាគណិតវិទ្យាពេលកន្លងមក ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅភូមិគ្រឹះរបស់សម្តេចក្បែរវិមានឯករាជ្យ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀង គីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ បានប្រកាសឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុក គីមហុង ជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កុមារា គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារា គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។
នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័រឲ្យ កុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានឲ្យចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។
ដោយសារកុមារនេះ មានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។
ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារា គីមហុង។
បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមកសម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភកុំព្យូទ័រយួរដៃ១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ដែលមានទីតាំងនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ៕