(ព្រះសីហនុ)៖ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង និង​មានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរកាប់ប្លន់ប្រជាពលរដ្ឋតាមផ្លូវ បានចំនួន២នាក់ ក្រោយពួកគេធ្វើសកម្មភាពបានសម្រេចមួយថ្ងៃប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ នៅថ្ងៃទី១៧ ខែកក្កដា​ថា រូបនាងបានមកហូបបបរជាមួយមិត្តប្រុស លុះត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវចាក់បេតុង ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង​ព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់មុខ​២នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ស្ទាក់ពីមុខម៉ូតូក៏ធ្វើឲ្យម៉ូតូនាង​ដួលទៅលើដី ហើយក្រុមចោ​រ​កាន់កាំបិតម្នាក់១ដើម ភ្ជង់គំរាមកាប់សម្លាប់ចោល បើមិនព្រមប្រគល់ម៉ូតូឲ្យទេនោះ​។

បើតាមលោកស្នងការ ជនរងគ្រោះបានបាត់បង់ ម៉ូតូ​ម៉ាក ZOOMER-X ពណ៌ក្រហម ផលិតឆ្នាំ២០១៦, ទូរស័ព្ទម៉ាក i-Phone 7 Plus ពណ៌ខ្មៅ២គ្រឿង និងលុយ៣០០ដុល្លារ។

ក្រោយទទួលពាក្យបណ្ដឹងកម្លាំងជំនាញ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ឈ្មោះ ជាម ប្រុស ហៅ​ប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ និងឈ្មោះ ចុង សុខជា ហៅ​ជា ​អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល​ភូមិ២ សង្កាត់២ ក្រុង​ព្រះសីហនុ​។

ក្នុងនោះកម្លាំងនគរបាលដកហូតបាន ​ម៉ូតូម៉ាក ZOOMER-X ១គ្រឿង ជារបស់ជនរងគ្រោះ, ម៉ូតូម៉ាក អ៊ែប្លែត១គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព, ទូរស័ព្ទដៃចំនួន៤គ្រឿង ដែលម៉ាក i-Phone 7 Plus ២គ្រឿង ជារបស់ជនរងគ្រោះ និងកាំបិតកាចែត ចំនួន២ដើម​។ ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានសារភាពទាំងស្រុង ដូចបណ្តឹងរបស់ជនរងគ្រោះខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ ដោយឡែក​ ទ្រព្យសម្បត្តិបានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕