(ប៉េកាំង)៖ ប្រទេសចិនគឺជាទឹកដីដ៏ល្បីល្បាញមួយខាងផលិតយន្តហោះដ្រូន ដែលប្រកបដោយមុខងារចំរុះ ហើយឥឡូវនេះយន្តហោះដ្រូនក្នុងវិស័យយោធា ក៏កំពុងតែមានសន្ទុះនៃការផលិត និងអភិវឌ្ឍន៍កើនឡើងខ្ពស់បំផុតផងដែរ ខណៈនៅក្នុងពិព័រណ៍អាកាសចរណ៍អន្តរជាតិឆ្នាំនេះ ក្រុមហ៊ុនមួយរបស់ចិនបានបង្ហាញយន្តហោះដ្រូនប្រភេទថ្មី CH-5 ដែលមានសមត្ថភាពខ្ពស់ក្នុងការសង្គ្រោះ, ល្បាត, អង្កេតការណ៍, និងប្រយុទ្ធផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា យន្តហោះដ្រូនដ៏មានអានុភាព ដែលអាចហៅឈ្មោះមួយទៀតថា Caihong (Rainbow) 5 នេះត្រូវបានយកទៅធ្វើតេស្តនៅក្នុងពិព័រណ៍អន្តរជាតិមួយ ក្នុងខេត្តហេបៃភាគខាងជើងប្រទេសចិន ដើម្បីទាក់ទាញអតិថិជនទូទៅជាពិសេសបរទេស ប៉ុន្តែមកទល់ពេលនេះពុំទាន់មានការបញ្ជាក់ពីតម្លៃនោះឡើយ។ បច្ចុប្បន្ននេះ យន្តហោះប្រភេទខាងលើ ក៏ត្រូវបានបំពាក់រួចមកហើយដែរ នៅក្នុងវិស័យការពារជាតិរបស់ចិន៕