(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហការីនៃក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅតាមផ្ទះ ដោយឥតគិតថ្លៃ ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងប្រាប់ប្រជាពលរដ្ឋឲ្យ​​ប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ បើមានអាការៈអ្វី មិនស្រួលនោះ ដោយក្រុមគ្រូពេទ្យ រដ្ឋទាំងអស់ ចាំទទួលព្យាបាលគ្រប់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ។

រដ្ឋមន្ដ្រីបានថ្លែងបន្ដទៅកាន់ប្រជាពលរដ្ឋថា «ការពិនិត្យព្យាបាល បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺមិនគិតថ្លៃឡើយ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលក្រុមគ្រូពេទ្យរប​ស់យើង តែងតែចុះមកពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរហូត ដើម្បីផ្ដល់ភាពងាយស្រួល ដល់បងប្អូនយើង ដោយយកសេវាសុខភាព មកដល់ផ្ទះតែម្ដង ហើយយើងនឹងប្រឹងប្រែងបន្ដទៀត ដោយមិនរើសអើង បក្សពួក ឬគ្នាអ្នកនេះ អ្នកនោះ អ្នកមាន អ្នកក្រ ឡើយ ឲ្យតែបងប្អូនត្រូវការសេវាព្យាបាលរបស់ពួកខ្ញុំ យើងនឹងបន្ដបម្រើសេវាសុខភាពមួយនេះ បន្ថែមទៀត ដោយឥតគិតថ្លៃ»។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានសម្ដែងការរីករាយត្រេកអរយ៉ាងខ្លាំង រួមទាំងថ្លែងអំណរគុណដល់ លោករដ្ឋមន្ដ្រី និងសហការីទាំងអស់ ដែលជានិច្ចជាកាល មកពិនិត្យព្យាបាលដល់ពួកគាត់ដល់ផ្ទះ ដោយឥតគិតថ្លៃ ថែមទាំងយកចិត្ដទុកដាក់មើលថែ និងគោរពចាស់ទុំទៀតផង។

គួរបញ្ជាក់ថា ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនេះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានចូលរួមសម្ដែងរំលែកទុក្ខ រួមទាំងផ្ដល់ថវិកា និងអង្ករ ដល់គ្រួសារសព របស់ប្រជាពលរដ្ឋ ដែលនៅក្នុងសង្កាត់ទឹកថ្លានេះ៕