(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង២ពាន់នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជូនពួកគាត់។ នេះជាសកម្មភាពមួយបានកាត់បន្ថយការចំណាយ លើការព្យាបាល ហើយសំណូមពរឲ្យសមាគមបន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅពេលក្រោយៗទៀត។
សូមបញ្ជាក់ថា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋចំនួនជាង២០០០នាក់នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុកភ្នំស្រួច អាជ្ញាធរ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានថ្លែងថា នេះគឺជាលើកទី៥ហើយដែល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ ដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សព្វថ្ងៃយើងមានសុខសន្តិភាព មានការរីកចម្រើន មានថ្នាក់ដឹកនាំប្រទេសគឺសម្តេចតេជោហ៊ុន សែនបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកបានថ្លែងអំណរគុណ ប្រជាពលរដ្ឋដែលបានជឿទុកចិត្ត គាំទ្រការដឹកនាំរបស់សម្តេវតេជោ ហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាដើម្បីចុះជួយនិងបម្រើប្រជាជន។
លោកក៏បានសូមឱ្យប្រជាពលរដ្ឋយោគយល់និងអធ្យាស្រ័យចំពោះចំណុចខ្វះខាតរបស់មន្រ្តីមួយចំនួនក្នុងការបម្រើប្រជាពលរដ្ឋហើយលោកនិងខិតខំធ្វើយ៉ាងណាឱ្យមានការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។លោកអភិបាលរងនៃគណៈអភិបាលខេត្តក៏បានថ្លែងអំណរក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អជ្ញាធរយុវជននិងផ្នែកដែកពាក់ព័ន្ធ ដែលបានចូលរួមជួយប្រជាពលរដ្ឋនៅសកម្មភាពមនុស្សធម៌នៅក្នុងស្រុកភ្នំស្រួចនាពេលនេះ។
គួររលឹកផងដែរថា នេះគឺជាគោលដៅទី០៧ប្រចាំឆ្នាំ២០១៧ ដែលសមាគមបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា ដែលគិតសរុបមកដល់ពេលនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស បានចំនួនជាង២០ម៉ឺននាក់ និងបានបញ្ជូនទៅព្យាបាលបន្តបានចំនួន២៥០០នាក់៕