(ពោធិ៍សាត់)៖ ករណីឃាតកម្មសម្លាប់មន្ត្រីភូមិស្រុកភ្នំក្រវាញ កាលពីចុងខែមិថុនា ហើយត្រូវបានគេប្រទះឃើញសព មានសភាពស្អុយរលួយ ក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិបោះពួយ ឃុំលាច ស្រុកកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ពេលនេះកម្លាំងនគរបាលជំនាញ បានបំបែកសំណុំរឿងបានហើយ ដោយចាប់បានជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ហើយជនដៃដល់ទៀតសោត គឺជាមិត្តភក្តិរបស់ជនរងគ្រោះ និងធ្លាប់មានជម្លោះរឿងម៉ូតូ២គ្រឿង ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
ប្រតិបត្តិការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ដោយប្រើអំឡុងពេលជិត២០ថ្ងៃ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យរៀងៗខ្លួន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខណៈពេលដែលជនសង្ស័យសម្ងំលាក់ខ្លួន ក្រោយធ្វើសកម្មភាពរួច។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះថា ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលត្រូវចាប់ខ្លួននោះ ទី១-ឈ្មោះ កែវ លាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី២-ឈ្មោះ ប៊ុន ភ័ស្ស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា ករណីនេះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្ត រយៈពេលជិត២០ថ្ងៃហើយ ទើបបំបែកសំណុំរឿងឃាតកម្មមួយនេះបាន ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
បើតាមចម្លើយសារភាពជាបឋមរបស់ជនសង្ស័យ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានករណីឃាតកម្ម ទៅលើជនរងគ្រោះ ឈ្មោះ ហេង រតនៈ អាយុ២៦ឆ្នាំ (ជាមន្រ្តីភូមិបាលស្រុកភ្នំក្រវាញ) គឺដោយសាររឿងជនរងគ្រោះ ជាមួយពួកគេ មានជម្លោះរឿងម៉ូតូ២គ្រឿង ដែលបានមកពីភាពមិនប្រក្រតី ជាមួយនឹងការពាក់ព័ន្ធ គឿងញៀនផងដែរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៤៖៤០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើល ប្រទះឃើញសពបុរសម្នាក់ មានសភាពស្អុយរលួយ ក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិបោះពួយ ឃុំលាច ស្រុកកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យឃើញថា ជាករណីឃាតកម្ម ដែលជនរងគ្រោះស្លាប់រយៈពេលជាង៧០ម៉ោងហើយ៕